អាមេរិក​ផ្តល់ជំនួយ​១,៦​លាន​ដុល្លារ ក្នុង​គម្រោង​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​៣១ ខែឧសភា នេះ ស៊ីម៉ាក់ និង​អង្គការ​អិន​ភី​អេ របស់​ន័​រវេ​ស បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដៃគូ ក្នុង​ទំហំ​ទឹកប្រាក់​ប្រ មាណ​១​លាន​៦​សែន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី អនុវត្ត​គម្រោង​ស្រាវជ្រាវ​ព័ត៌មាន និង បោសសំអាត​គ្រាប់បែក​ចង្កោម​ដែល​អាមេរិក​ទម្លាក់​ក្នុងសម័យ​សង្គ្រាម​នៅ​ភាគ​ខាងកើត​កម្ពុជា​។​

​រដ្ឋាភិបាល​អាមេរិក​បានផ្តល់​ថវិកា​១​លាន​៦​សែន​ដុល្លារ​អាមេរិក​តាម​អង្គការ ជំនួយ​ប្រជាជន​ន័​រវេ​ស​ហៅ​កាត់​ថា អិន​ភី​អេ​ដល់​ស៊ីម៉ាក់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ព័ត៌មាន និង​បោសសំអាត​គ្រាប់បែក​ចង្កោម​នៅ​ភាគ​ខាងកើត​កម្ពុជា​។ ពិធី​ចុះ​ហ​ត្ថេ​លេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​ស្ថាប័ន​ទាំងពីរ​ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៣១​ខែឧសភា​នេះ​នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​រាជធានី​ភ្នំពេញ​។​ឯ​.​ឧ ហេង រតនា​បញ្ជាក់ថា គម្រោង​នេះ​នឹងត្រូវ​ប្រើ​រយៈពេល​២​ឆ្នាំ គឺ​ចាប់ពី​ខែ​មិនា ២០១៨-​កុ​ម្ភះ​២០២០ គិត​ជា​ទឹកប្រាក់​ចំនួន​៤​លាន​ដុល្លារ​អាមេរិក ពោលគឺ​មួយឆ្នាំ​២​លាន​ដុល្លារ តែ​សម្រាប់​ស៊ីម៉ាក់​ទទួលបាន​១​លាន​៦​សែន​ដុល្លារ និង​អិន​ភី​អេ​៤០​ម៉ឺន​ដុល្លារ​។

រយៈពេល​បី​ខែ​កន្លងមកនេះ​ស៊ីម៉ាក់​បានធ្វើ​ការពង្រាយ​កម្លាំង របស់ខ្លួន​ជិត​២០០​នាក់ ដើម្បី​ទៅ​ប្រតិបត្តិការ​គម្រោង​នៅ​ភាគ​ខាងកើត​ដូចជា​នៅ​ខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និង​ខេត្តស្ទឹងត្រែង​។​
​ទោះបី​គ្រាប់បែក​ចង្កោម​ដែល​អាមេរិក​បាន​ទម្លាក់​ជាង​៥០​ឆ្នាំ​ទៅហើយ​ក្តី​ប៉ុន្តែ​វា​នៅតែមាន​ឥទ្ធិពល​ខ្លាំង ដែល​នឹង​អាច​ឆក់យក​អាយុជីវិត​ប្រជាពលរដ្ឋ​បើសិន ពួកគាត់​ទៅ​ប៉ះ ដុំ​ក្នុង​កំរិត​ណាមួយ​នោះ​។​

​គួរ​រំលឹក​ដែរ​ថា​កាលពី​ជាង​៥០​មុន អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ចង្កោម​ប្រមាណ​២៨​លាន​កូនគ្រាប់​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ផ្ទៃដី​៦៥០​គម​ដែល​រង​ផលប៉ះពាល់​។ ស៊ីម៉ាក់​ត្រូវការ​ពេល​យ៉ាងហោចណាស់​ពី​៣០​ទៅ​៤០​ឆ្នាំ​ដើម្បី​រុក រក និង​កម្ទេច​គ្រាប់បែក​ចង្កោម​ទាំងនោះ​។

​អាមេរិក​កន្លង​ទៅបាន​ផ្តល់ជំនួយ​ដើម្បី​ធ្វើការ​បោសសំអាត​មីន និង​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​នៅ​ភាគ​ខាងលិច គឺ​នៅ​តំបន់​ប៉ៃលិន គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​ជា​ឆ្នាំ​ទី​១០​ហើយ​ដែល​អាមេរិក​បានផ្តល់​ជំនួយ​លើ​ប្រតិបត្តិ​ការដោះមីន​នៅ​កម្ពុជា​៕