កំពង់ធំ៖បទល្មើសព្រៃឈើដឹកចេញពីដែនព្រៃអង់តែនគឺកាន់តែមានសកម្មភាពកើនឡើងក្នុងដំណាក់កាលចុងក្រោយនេះហើយដែនព្រៃអង់តែនបច្ចុប្បន្នគឺគ្រប់គ្រងដោយសមត្ថកិច្ចបរិស្ថានដែលសាធារណជនរំពឹងថាដែនព្រៃនេះនឹងរលាយអស់ក្នុងពេលខាងមុខដ៏ខ្លីបើលោកតុបកក្ដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំនៅតែអសកម្មនោះ។
មតិសាធារណជនបានលើកឡើងថាភាពអសកម្មរបស់លោកតុបកក្ដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំនេះបានធ្វើឲ្យមហាជននិងអ្នកសារព័ត៌មានសរសេររិះគន់ដើម្បីស្ថាបនាស្រុះគ្នាតែម្ដងនៅដំណាក់ចុងក្រោយនេះដែលធ្វើឲ្យកិត្តិយសរបស់ខេត្តមានការស្រុតចុះ។
ឯកឧត្ដមសុខលូអភិបាលខេត្តកំពង់ធំបានសរសេរជាសាធារណៈនៅក្នុងបណ្ដាញតេឡេក្រាមជាកិច្ចតបនឹងការផុលផុសនៃមតិលើកឡើងពីបទល្មើសព្រៃឈើនៅដែនព្រៃអង់តែននេះថាសមត្ថកិច្ចពាក់ព័ន្ធពិសេសមន្ទីរបរិស្ថានកសិកម្មអាជ្ញាធរស្រុកយកចិត្តទុកដាក់នឹងព័ត៌មានទាំងអស់នេះផង។
ឯកឧត្ដមបញ្ចាក់ថាថ្វីត្បិតតែយើងមិនអាចសន្និដ្ឋានថាពិតទាំងអស់តែសូមតាមដានហើយយកចិត្តទុកដាក់ក្នុងការបង្ក្រាបរាល់បទល្មើសទាំងអស់។ត្រូវបែងចែកឲ្យច្បាស់រវាងបងប្អូនប្រជាពលរដ្ឋក្រីក្រដែលដឹកអុសតិចតួចនិងអ្នករកស៊ីកាប់ព្រៃហើយបន្លំថាដឹកអុស។
ប៉ុន្តែទោះជាប្រសាសន៍របស់ឯកឧត្ដមអភិបាលខេត្តសុខលូបានបញ្ជាយ៉ាងនេះក្ដីក៏មតិមហាជនរំពឹងថាវាគ្មានប្រសិទ្ធនោះទេចំពោះស្ថាប័នជំនាញដែលគ្មានឆន្ទៈនឹងអនុវត្តផ្ទុយទៅវិញពួកគេបានធ្វើរបាយការណ៍កុហកដោះសារថ្នាក់លើមិនចេះចប់។
ដោយឡែកប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅម្ដុំនោះបាននិយាយឲ្យដឹងថាជនដែលប្រព្រឹត្តបទល្មើសព្រៃឈើនៅព្រៃអង់តែននេះគឺមកពីភូមិទក់ភូមិល្អក់ភូមិត្រពាំងព្រីងភូមិស្នោឃ្លៃភូមិតាម៉ិញស្រុកសន្ទុកនិងឃុំចុងដូងស្រុកបារាយណ៍ហើយឈើដែលគេដឹកចេញទៅតាមគោយន្តកន្ត្រៃនោះគឺភាគច្រើនជាឈើហ៊ុបមូលដែលគេច្នៃជាហុសនិងពុះជា៤ជ្រុងច្នៃជាឈើជានានិងខ្លះទៀតជាប្រភេទឈើហ៊ុបពេញតែម្ដង។
គួរបញ្ចាក់ផងដែរថាដែនព្រៃអង់តែនគឺជាដែនព្រៃសម្រាប់រង្វាស់ទឹកវាលទំនាបអាស៊ីម៉ូសុងទន្លេមេគង្គនៃប្រទេសកម្ពុជាក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុនហើយកន្លងមកត្រូវបានទទួលរងការកាប់ទន្ទ្រានយកដីជាច្រើនកន្លែងរាប់រយហិតានៅក្នុងអាណត្តិរដ្ឋបាលព្រៃឈើគ្រប់គ្រងប៉ុន្តែដំណាក់កាលបរិស្ថានគ្រប់គ្រងចុងក្រោយនេះទំនងជាបង្ហើយតែម្ដងល្គឹកណាភាពអសកម្មរបស់លោកប្រធានមន្ទីរបរិស្ថាននៅតែបន្ត៕