ផ្លូវ​ណត​ប្រ៊ី​ត​ប្រវែង ៣ គ​.​ម សាងសង់​ជិត​រួចហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2018 ក+ ក-

​ភ្នំពេញ ៖ ផ្លូវ​ណត​ប្រ៊ី​ត​(​ផ្លូវ​ទ្រុងមាន់​) កាលពី​៣​ឆ្នាំមុន លំបាក​ធ្វើដំណើរ​ខ្លាំង ដោយសារ​ទឹក​លិច មាន​ជ្រ​ម្រៅ​ជ្រៅ​។ ប៉ុន្តែ​ឥឡូវនេះ ផ្លូវ​នោះ​ត្រូវបាន​ក្រុមហ៊ុន​សៀង​ហៃ​ប្រទេស​ចិន ជួយ​សាងសង់​ជា​ផ្លូវ​បេតុង ជិត​រួចរាល់​១០០%​ហើយ​។​

​ផ្លូវ​ណត​ប្រ៊ី​ត ប្រវែង​ប្រមាណ​៣​គីឡូម៉ែត្រ ទទឹង​២៣​ម៉ែត្រ កំពុង​ព​ន្លឿ​ន​ការសាងសង់ ជិត​រួចរាល់​១០០%​ហើយ ចាប់ពី​ស្តុ​ប​ផ្សារ​ដី​ហុយ ទៅដល់​ស្តុ​ប​ផ្លូវ​វេ​ង​ស្រង​។​
​ចំណែក​ផ្លូវ​ផ្នែក​ខាងកើត ក្រុមហ៊ុន​បាន​ចាក់​បេតុង​រួចរាល់​១០០%​។ សួន​ចំ​កណ្តាលផ្លូវ​ក្រុមហ៊ុន​កំពុង​រៀប​ជា​សួនច្បារ​បណ្តើរៗ​។ រីឯ​ចំណែក​ផ្លូវ​ផ្នែក​ខាងលិច នៅ​ខ្វះ​ប្រមាណ​១០០​ម៉ែត្រ​ទៀត​ចាក់​បេតុង​រួច​ដែរ​។​

​បុគ្គលិក​ខ្មែរ​កំពុង​បាញ់​ទឹក​ស្រោច ផ្លូវ​ណត​ប្រ៊ី​ត​ក្រោយ​ចាប់​បេតុង​រួច លោក យីន ឲ្យ​ដឹងថា​ការ​ស្រោច​ទឹក​តាមផ្លូវ គឺ​១​ថ្ងៃ​បាញ់​ទឹក​ស្រោច​៣​ដង សម្រាប់​បង្ការ​ដី​ហុយ និង​ការពារ​កុំ​ឲ្យ បេតុង​ប្រេះ​ខូច​នៅពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​។ លោក​បន្តថា ផ្លូវ​ណត​ប្រ៊ី​ត​នេះ​បំបែក​ដោយ ទ្រូងផ្លូវ ជា​ពីរ​ចំណែក​។ ការចាក់​បេតុង មិនអាច​ចាក់​ទាំងសងខាង​ផ្លូវ ក្នុងពេល​ជាមួយគ្នា បានទេ​។ ទើប​ក្រុមហ៊ុន ចាក់​បេតុង​តែ​ផ្នែក​ខាងកើត​ផ្លូវ​មុន​។ គាត់​ស្រោច​ផ្លូវ​ចាក់​បេតុង​នេះ ឲ្យ​ឆ្អែត​ទឹក​សិន ទើប​រៀបចំ​ចាក់​បេតុង​ចំណែក​ផ្លូវ​ខាងលិច​ទៀត បង្ការ​កុំ​ឲ្យ​ស្ទះចរាចរណ៍​។​បង្គោល​ភ្លើង​ឈរ​នៅ​កណ្តាលផ្លូវ​ណត​ប្រ៊ី​ត មិនទាន់​ដកចេញ​ទេ​។

បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ឯកឧត្តម វ៉ា សឹម​សុរិយា មានប្រសាសន៍​នៅ​ថ្ងៃទី​០៤ ខែមិថុនា​នេះ​ថា តាម​គោល​ការ បង្គោល​ភ្លើង​ឈរ​នៅ​កណ្តាលផ្លូវ ណត​ប្រ៊ី​ត នឹង​ដកចេញ​នៅក្នុង​ខែមិថុនា ក្រោយពេល​ក្រុមបច្ចេកទេស​អគ្គិសនី រៀបចំ​ប្រអប់​ក្រោម​ដី រៀបចំ​ខ្សែ​រត់តាម​ផ្លូវ​នោះ​រួចរាល់​។​

​ផ្លូវ​ណត​ប្រ៊ី​ត កំពុង​ការកសាង​ថ្មី ដោយ​ក្រុមហ៊ុន​ចិន​សៀង​ហៃ ចាប់ពី​ខណ្ឌ​សែន​សុខ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​២ ជា​ផ្លូវ​ក្រវាត់ក្រុង​ទី​២ ដែល​គ្រោង​នឹង​បញ្ចប់ នៅ​ឆ្នាំ ២០១៩​។​

​ផ្លូវ​ណត​ប្រ៊ី​ត ជា​ចំណែក​មួយ​នៃ​ផ្លូវ​ក្រវាត់​រាជធានី​ភ្នំពេញ ទៅកាន់​ផ្លូវបំបែក​ចំការ​ដូង​បំបែក​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២ ក្នុង​ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​៕