ក្រុងព្រះសីនុ ៖ ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ មានក្តី កង្វល់ថាបឹងធម្មជាតិពីដូនតា ស្ថិតនៅខាងមុខ រោងចក្រផលិត ស្រាបៀរអង្គរ ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ កំពុងប្រឈមនឹងកាបាត់បង់ ដោយសារអ្នកមានប្រាក់ចាក់ ដីលុបផ្ទៃបឹងយកធ្វើជាកម្មសិទ្ធ ដោយគ្មានអ្នកណាអើពើនោះឡើយ។
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិ៣ សង្កាត់ លេខ១ ក្រុង.ខេត្តព្រះសីហនុ បានសំដែងការហួសចិត្តជាមួយ (អតីត) មន្ត្រីជំនាញ ការិយាល័យភូមិបាលខ័ណ្ឌមិត្តភាពនិង អាជ្ញាធរមូលដ្ឋាន គ្មាន វាចារ និងថ្លែង និងមានចម្ងល់ ខណ:បានឃើញសកម្មភាពអ្នកមានប្រាក់យកបង្គោល បេតុងទៅបោះហ៊ុំព័ទ្ធយកផ្ទៃបឹងពីធម្មជាតិដែលជាកេរដំណែលពីដូនតា យកទៅធ្វើជាកម្មសិទ្ធិ។
ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា បឹងធម្មជាតិដែលកំពុងរងការបាត់បង់ជាបណ្តើរៗនោះ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ខាងមុខរោងចក្រផលិត ស្រាបៀរអង្គរស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។ បឹងខាងលើមានបណ្តោយប្រមាណជិត៤០០ម៉ែត្រ និងទទឹងប្រមាណជាង១០០ម៉ែត្រ ពេលនេះត្រូវបានលោក ឡាយ ប៊ុន ប៉ា ដែលអះអាងថាជាម្ចាស់កម្មសិទ្ធដីបឹងនោះ បានយកបង្គោលថ្មបេតុង យកទៅបោះហ៊ុព័ទ្ធយក បង្កឲ្យមានការ ភាក់ផ្អើល និងរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋថា មន្ត្រីការិយាល័យជំនាញខិលខូចខាងលើកន្លង មកបានឃុបឃិតជាមួយ អ្នកមានប្រាក់ក្នុង ការធ្វើប័ណ្ណសំគាល់អចលនវត្ថុរំលោភយកដីនៅក្នុងបឹងទឹកពីធម្មជាតិ លក់បន្តពីម្នាក់ ទៅម្នាក់ដោយបំពាន។
លោក ឈិត សូផាត ចៅសង្កាត់លេខ០១ ក្រុង.ខេត្តព្រះសីហនុ បានឲ្យ ដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកថា ជុំវិញការយកបង្គោលថ្មបេតុងទៅបោះហ៊ុំព័ទ្ធយកដីក្នុងបឹងទឹកខាងលើនេះ លោកក៍បានដឹងខ្លះៗដែរ ដោយសារអ្នកយកបង្គោលទៅបោះនោះ គេមានបណ្ណ័សំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ក្នុងពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លី ក្នុងអំឡុង ឆ្នាំ១៩៩៥ ដែលចុះហត្ថលេខាដោយលោក ព្រំ ស៊ន ចៅសង្កាត់រង មិនមែនរូបលោកទេ។
អតីតមន្ត្រីនៅក្នុងការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលខ័ណ្ឌមិត្តភាពម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឯកសារដែលពាក់ព័ន្ធ ក្នុងការឃុបឃិតគ្នាធ្វើប័ណ្ណសំគាល់អចលនវត្ថុយកដីបឹងខាងលើ បន្ទាប់ពីចៅ សង្កាត់រង ខាងលើចុះហត្ថលេខារួច បានបន្តនីតិវិធីមកការិយាល័យ ភូមិបាល ខ័ណ្ឌមិត្តភាពដែលចុះហត្ថលេខាដោយលោក លឿង សុផល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៩៧ រួចបន្តទៅនាយកដ្ឋានសុរិយោដី ដែលចុះហត្តលេខា នៅ ថ្ងៃទី២២ ខែឧសភា ឆ្នាំ ១៩៩៧ ដោយលោកប្រធានស្តីទី លឹម វាន់ សម្រេចផ្តល់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខព.ន ០០៣៩៦២ ឲ្យមកឈ្មោះ ជា សឿន និងបានធ្វើការលក់បន្តបន្ទាប់ពីម្នាក់ ទៅម្នាក់រហូតមកដល់ម្ចាស់ចុងក្រោយនេះគឺលោក ឡាយ ប៊ុនប៉ា កំពុងតែបោះបង្គោលថ្មបេតុង រំលោភចូលក្នុងបឹងធ្វើឲ្យប្រជាពលរដ្ឋកើតក្តីក្តៅក្រហាយនាំគ្នាដាក់បណ្តាសារទៅមន្ត្រីជំនាញ ជំនាន់មុនៗ ដែលបានឃុបឃិតគ្នាថា លក់បឹងធម្មជាតិធ្វើឲ្យវិនាសបាត់បង់ដូចថ្ងៃនេះ។
ជាមួយនេះ ពលរដ្ឋក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាសើរើករណីនេះផង ដើម្បីទុកបឹងធម្មជាតិនេះជាប្រយោជន៍រួបសម្រាប់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តកូនតចៅជាបន្តទៀត៕