រាជរដ្ឋាភិបាល​ត្រូវការ​វិស័យ​ឯកជន​ចូលរួម​សង់ផ្ទះ​ជូន​អតីតយុទ្ធជន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2018 ក+ ក-

​ភ្នំពេញ ៖ ភ្លាមៗ បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​ដាក់ចេញ​នូវ​គោលការណ៍​មួយចំនួន​ក្នុង វិស័យ​សង្គមកិច្ច នាឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា កាលពី​ព្រឹក ថ្ងៃទី​៤ មិថុនា​នេះ ក្នុងនោះ​ក៏មាន​ការបន្ត​ការសាងសង់​ផ្ទះ​បន្ថែម​ជូន​អតីតយុទ្ធជន​ផង​នោះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បញ្ជាក់ថា ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​នៅតែ​ជា​គោល ដៅ​ធំ តែ​ទាមទារ​អោយមាន​ការចូល​រួមជាមួយ​នឹង​រាជរដ្ឋាភិបាល​ពី​ផ្នែក​នានា រួមទាំង​វិស័យ​ឯកជន​ផង ដែរ​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការផ្សព្វផ្សាយ​គោលនយោបាយ​ថ្មីៗ​លើ​វិស័យ​អតីតយុទ្ធជន និង​ការ​គាំពា​៌​សង្គម​នា​ទីស្តីការក្រសួង​កាលពី​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ លោក សំហេង បុរស អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល បេឡា​ជាតិ​អតីតយុទ្ធជន និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​មានប្រសាសន៍ថា​៖ នៅ មាន​អតីតយុទ្ធជន​ជាង ២​ពាន់​គ្រួសារ​ទៀត​ដែល​យើង​ត្រូវ​សាងសង់​ផ្ទះ​ជូន​ពួកគាត់ ដែល​កិច្ចការ​នេះ​មិន មែន​ជា​រឿង​សាមញ្ញ​ពេក​ទេ មានន័យថា​យើង​ត្រូវការ​ធនធាន​ច្រើន រាជរដ្ឋាភិបាល​អាច​រ៉ាប់រង​បាន ប៉ុន្តែ​ក៏ ត្រូវការ​នូវ​ការចូលរួម​ពី​ផ្នែក​នានា​ផងដែរ​។​

ក្នុងឱកាស​នេះ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​សម្តែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​តែងតែ​ផ្តល់ ការយកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន និង​ប្រជាជន​ទូទាំងប្រទេស​៕