ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីណូដឹកខ្សាច់មួយគ្រឿង បានរ៉ឺយ៉ែលថយក្រោយ ជាន់ហ្វ្រាំងមិនស៊ី ក៍រអិលចូលប្រឡាយសម្រាប់ដាក់លូបណ្តាលឲ្យក្រឡាប់ផ្ងារជើងតែសំណាងល្អអ្នកបើកបរមិនរងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ របស់ក្រុមហ៊ុនអូស៊ីអាយស៊ី ខាងត្បូងរង្វង់មូល នាងទេពមច្ឆា ប្រហែល១០០ម៉ែត្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តដែលរអិលធ្លាក់ចូលប្រឡាយដាក់លូនោះម៉ាកហ៊ីណូពណ៌សពាក់ស្លាកលេខភ្នំពេញ3C 3233អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកថយក្រោយបំណងចាក់ខ្សាច់ហើយជាន់ហ្វ្រាំងមិនស៊ីក៏បណ្តាលឲ្យរថយន្តរអិលធ្លាក់ចូលប្រឡាយដែលគេជីកសម្រាប់ដាក់លូតែម្តង។ភ្លាមៗអ្នកបើកបរមិនមានរងរបួសនោះទេខំលូនចេញទាំងភ័យស្លន់ស្លោ។ ក្រោយពេលកើតហេតុខាងក្រុមក៏បានយករថយន្តស្ទូចមកស្ទូចឡើងលើវិញ៕