ប្រទេសថៃ ៖ ជនរងគ្រោះម្នាក់ដែលជាកម្មករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ បានស្លាប់ភ្លាមៗក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលជនរងគ្រោះរូបនេះ កំពុងអង្គុយធ្វើការសុខៗ ស្រាប់តែមានជនជាតិខ្មែរដូចគ្នា បានលបវាយនឹងដំបងឈើជ្រុងចំក្បាលពីក្រោយ ព្រមទាំងបានវាយបន្ថែមទើបរត់គេចខ្លួន។
ហេតុការណ៍ដែលយើងទទួលបានពីសារព័ត៌មានថៃនេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅត្រង់ចំណុចទីតាំងកន្លែង បាញ់ថ្នាំរថយន្ត មួយកន្លែង លេខ ១៩/១ ស្ថិតក្នុងភូមិ១ ឃុំណងរី ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ។ ជនរងគ្រោះមានឈ្មោះ វ៉ា គឹមសេង ភេទប្រុស អាយុ៣៧ឆ្នាំ ប៉ុន្តែគេមិនទាន់ដឹងថា ជនរងគ្រោះរស់នៅក្នុងខេត្តណា នៃប្រទេសកម្ពុជា នោះឡើយ ។
បើតាមការអះអាងពីសាក្សីឈ្មោះ ស៊ុ សក្តិ ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិថៃ ធ្វើការនៅកន្លែងជាមួយគ្នា បាននិយាយថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះ កំពុងអង្គុយធ្វើការជាធម្មតា ឯខ្លួនក៏នៅធ្វើការមិនឆ្ងាយពីគ្នាប៉ុន្មានដែរ ។ ភ្លាមៗនោះ ក៏ស្រាប់តែឮដូចជាសម្លេងគេវ៉ៃមនុស្ស លុះពេលក្រលេកមើលទៅម្តងទៀត គឺឃើញ ជនរងគ្រោះដួលដេកទៅលើដី ពោរពេញដោយឈាមទៅហើយ ហើយនៅពីក្រោយខ្នង ឃើញឈ្មោះ ផេក លៀប ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាក្មួយ កំពុងឈរកាន់ដំបងឈើជ្រុងវាយបន្ថែមទៀត ទើបខ្លួនបានលោតទៅស្រែឃាត់ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្តង ។
ដោយឡែកអ្នកស្រី ថុនឌី សកល អាយុ៣៧ឆ្នាំ ជាថៅកែនៅកន្លែងកើតហេតុនេះ បានលើកឡើង និងសរសើរថា ជនសង្ស័យខាងលើ គេគឺជាមនុស្សរាបសារណាស់ ដោយមិនដែលចេះកោងកាចដាក់អ្នកណាម្នាក់ឡើយ ដោយគ្រាន់តែកន្លងមក គេធ្លាប់មានរោគសរសៃប្រសាទហើយសង្ស័យថា អាចខានលេបថ្នាំយូរពេកទើបរោគសញ្ញានេះរើឡើងវិញ ។
បន្ទាប់មក ក្រុមតម្រួតថៃបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្ត ឈុនបុរី ព្រមទាំងបានជួយធ្វើចលនាបេះដូងផង ប៉ុន្តែជនរងគ្រោះបានស្លាប់ដោយមិនទាន់បានទៅដល់មន្ទីរពេទ្យផង ។ ឯជនសង្ស័យត្រូវបានសមត្ថកិច្ចថៃ តាមប្រមាញ់នឹងចាប់ខ្លួនបាននៅត្រង់ចំណុចឃុំបាងប្លាសយ ក្នុងស្រុកមឿង និងបាននាំយកទៅសាកសួរបន្តតាមច្បាប់ ៕