ខេត្តរតនគិរី ៖ មន្ទីរធនធានទឹកខេត្តរតនគិរី សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក ក្នុងខេត្តរតនគិរី ឲ្យមានការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈរកទីទួលសុវត្ថិភាព។
ការសុំអំពាវនាវនេះ លោក ចាន់ ប៊ុនធៀន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានផ្ដល់បទសម្ភាស ដល់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៨ បន្ទាប់ពីខេត្តរតនគិរី មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលថ្ងៃ ហើយទឹកទន្លេមានទឹកឡើងយ៉ាងកំហុក។
បើតាមលោក ចាន់ ប៊ុនធៀន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានឲ្យដឹងថា បើទោះជាទឹកទន្លេសេសាន្ត និងទឹកទន្លេស្រែពក ក្នុងខេត្តរតនគិរី មានកំរិតកំពស់ទឹកមិនទាន់ដល់កំរិតប្រកាស់អាសន្តយ៉ាងណាក៏ដោយ ក៏ការសុំអំពាវនាវនេះ គ្រាន់ជាការដាសតឿន ដល់ប្រជាពលរដ្ឋ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងខេត្តរតនគិរី តំបន់ដែលងាយរងគ្រោះដោយសារទឹកជំនន់ មាន៤ស្រុក គឺស្រុកតាវែង ស្រុកអណ្ដូងមាស ស្រុកវើនសៃ និងស្រុកលំផាត់ ស្រុកទាំង៤នេះ ប្រជាពលរដ្ឋសុទ្ធសឹងរស់នៅតាមដងទន្លេសេសាន្តនិងទន្លេស្រែពក។ ប្រជាពលរដ្ឋទាំងស្រុក៤ស្រុកនេះ សុទ្ធតែធ្លាប់រងគ្រោះ ខូចខាតទ្រព្យសម្បត្តិដោយសារជំនន់ទឹកភ្លៀង ស្ទើរតែរៀងរាល់ឆ្នាំ ពិសេសជាងគេគឺ ស្រុកលំផាត់ ដែលមានភូមិប្រជាពលរដ្ឋរស់នៅប្រ៉បតាមដងទន្លេស្រែពកតែម្ដង។
គួរបញ្ជាក់ថា ទឹកទន្លេស្រែពក ស្ថិតក្នុងស្រុកលំផាត់ ភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ធ្វើឲ្យទឹកកើនឡើងកំពស់ ៤.២៦ម៉ែត្រ ក្នុងកំរិតប្រកាសអាសន្ន១២.៥០ម៉ែត្រ។ ទឹកទន្លេសេសាន្ត ស្ថិតក្នុងស្រកអណ្ដូងមាស ស្រុកតាវែង និងស្រុកវើនសៃ កំពស់ទឹកបានកើនកើនឡើង៣.០៥ម៉ែត្រ ដែលក្នុងកំរិតប្រកាសអាសន្ន៨.៥០ម៉ែត្រ។
បើទោះជាកំរិតទឹកនៅទាបយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅខេត្តរតនគិរី ទឹកជំនន់អាចបង្ករជាគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ តែរយៈពេលពី២ទៅ៣ម៉ោង បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ៕