ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា
ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៨ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សំរាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ នៅសាលមហាសន្និបាត នៃទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងស្មារតីលើកតម្កើងកិត្យានុភាព និងកិត្តិយសជាតិ នៅលើឆាកអន្តរជាតិ បានដាក់បេក្ខភាពកម្ពុជាជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅខែមករា ឆ្នាំ២០១៧។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ បេក្ខភាពរបស់ព្រះរាជាណាក្រកម្ពុជា និងប្រទេសចំនួនបួនផ្សេងទៀត ទទួលបានការគាំទ្រជាផ្លូវការ ដោយប្រទេសនៃក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។
ក្នុងឋានៈជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជាអាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើរបស់ប្រធាន។
លើសពីនេះទៀត កម្ពុជាក៏នឹងក្លាយជាសមាជិកនៃគណៈកម្មាធិការទូទៅ ដែលមានមុខងារដូចជាពិនិត្យរបៀបវារៈបណ្តោះអាសន្ន និងបញ្ជីបន្ថែមចំនុចពិភាក្សា ផ្តល់អនុសាសន៍ដល់មហាសន្និបាត និងជួយដល់ប្រធាននិងមហាសន្និបាតក្នុងការរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គនីមួយៗ ហើយនិងក្នុងការងារទូទៅរបស់មហាសន្និបាត។
គួរកត់សម្គាល់ដែរថា កម្ពុជាត្រូវបានជ្រើសតាំងលើកដំបូងជាអនុប្រធាននៃសម័យប្រជុំមហាសន្និ-បាតអង្គការសហប្រជាជាតិលើកទី៥៦ អាណត្តិឆ្នាំ ២០០១-២០០២៕