កម្ពុ​ជាមាន​រថយន្ដ​ជាង​៨០​ម៉ឺន​គ្រឿង​និង​ម៉ូតូ​ជាង​៣​លាន​គ្រឿង​បាន​ចុះ​បញ្ជិការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2018 ក+ ក-

 

​ភ្នំពេញ ៖ ស្របពេល​ប្រទេស​កម្ពុ​ជាមាន​សុខសន្ដិភាព ពេញលេញ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ធូរធា​នោះ ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ ក៏មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បច្ចុប្បន្ននេះ​នៅក្នុង​ប្រទេស​កម្ពុជា មាន​រថយន្ដ​ប្រមាណ​ជាង​៨០​ម៉ឺន​គ្រឿង និង​ម៉ូតូ​មាន​ជាង​៣​លាន​គ្រឿង បាន​ចុះ​ក្នុង​បញ្ជី​ការ​។​

​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម តូច ចាន់​កុល បានឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៤ ស្តីអំពី​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត កាលពី​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ថា បើ​គិត​ជា​រថយន្ដ យើង​ប្រហែល​៨០​ម៉ឺន​គ្រឿង ហើយ​បើ​គិត​ជា​ម៉ូតូ​មាន​ជាង​៣​លាន​គ្រឿង​ដែល​បាន​ចុះបញ្ជី​ការ​រួច​និង​មាន​ទីតាំង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ចំនួន​១៤​កន្លែង​និង​មាន​រថយន្ត​ចល័ត​ចំនួន​៣​គ្រឿង​នៅ​ទូទាំងប្រទេស​។

​រដ្ឋលេខាធិការ​បញ្ជាក់​ថា ការចុះបញ្ជី និង​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត តាម​ប្រព័ន្ធ​ទំនើបកម្ម ពិត​ជាមាន​សារសំខាន់ សម្រាប់​ការគ្រប់គ្រង​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ Jica​និង​ភាគី​ពាក់ព័ន្ធ កំពុង​ពិនិត្យ​លទ្ធភាព ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​អាយ​ធី​សម្រាប់​ត​ភ្ជាប់​និង​ចែករំលែក​ព័ត៌មាន​ទៅវិញទៅមក​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​សម្រួល​ដល់​ការចុះបញ្ជី​យានយន្ត​ឱ្យ​កាន់តែ​ងាយស្រួល និង​លឿន​ទាន់ពេលវេលា​។​

លោក​ក៏បាន​បញ្ជាក់ទៀតថា ដើម្បីឱ្យ​ការត្រួតពិនិត្យ​យានយន្ត​នេះ​បាន​ទូទាំងប្រទេស ក្រសួង​បាន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​តម្លើង​ទីតាំង​ត្រួតពិនិត្យ​បច្ចេកទេស​ឱ្យបាន​ច្រើន​កន្លេង​នៅ​ទូទាំងប្រទេស​។ ទាក់ទិន​នឹង​ការចុះបញ្ជី​យានយន្ត​នេះដែរ ក៏មាន​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស​មួយចំនួន​ចង់ បង្កើត​កន្លែង​ឈៀករថយន្ដ​នៅ​កម្ពុជា ដូច្នេះ​នាពេល​ខាងមុខនេះ ក្រសួង​សាធារណការ នឹង​បង្កើត​កន្លែង​ឈៀករថយន្ដ​កាន់តែ​ច្រើនឡើង ដើម្បី​ឆ្លើយតប​តម្រូវការ​ពលរ​ដ្ឋ​។​

សម្រាប់​ការធ្វើ​ទំនើបកម្ម​យានយន្ត​នេះដែរ មន្ត្រីនគរបាល អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម ឯ​.​ឧ ឧ​ត្ត​ម​សេនីយ៍ ឃៀង សុគន្ធា បាន​អះអាងថា នៅពេល​ប្រព័ន្ធ​នេះ​ដំណើរការ វា​ពិតជា​មានការ​ងាយស្រួល ក្នុងការ​ស្វែងរក​អត្ថ​សញ្ញាណ​អ្នកប្រើប្រាស់​យានយន្ត​និង​បណ្ណ​បើកបរ​៕​