សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ត្បាញ​ក្រមា​វែង​ជាងគេលើ​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា អមដោយ​មន្ត្រី​កាកបាទក្រហមកម្ពុជា​ជាច្រើនរូប នៅវេលា​ម៉ោង​៩ ៖ ០០​ព្រឹក ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ បាន អញ្ជើញ​ចូលរួម​ត្បាញ​ក្រមា​ក្រឡា​វែង​ជាងគេ​នៅលើ​ក​ពិភពលោក ដែល​រៀបចំ​នៅលើ​សួនច្បារ​ព្រះមេរុ​មុខ​សារៈមន្ទីរ​ជាតិ ជាប់​ព្រះបរមរាជវាំង​។​

សូមជម្រាបថា យុវជន​កម្ពុជា​ដឹកនាំ​ដោយ​សហភាព​សហព័ន្ធ​កម្ពុជា​ក្រោម​ចលនា «GOGO CAMBODIA» បានរួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ត្បាញ​ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក​ប្រវែង​១០០០​ម៉ែត្រ ក្រោម​ប្រធានបទ​ថា «​ជឿថា​ខ្ញុំ​ធ្វើបាន ជឿថា​យើង​ធ្វើបាន ជឿថា​ខ្មែរ​ធ្វើបាន​»​។ ដើម្បី​ឈានទៅ «​បំបែក​ឯតទក​គ្គក​ម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ត្រូវបាន​បើក​ធ្វើ​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​នៅ​ព្រឹក​ថ្ងៃ​តី​៩ ខែមិថុនា នេះ គឺជា​លើក​ទី​២ ហើយ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ចូលរួម​ត្បាញ​ក្រមា​វែង​ជាងគេ​លើក​ពិភពលោក ដែល​កិទ​មកដល់​បច្ចុប្បន្ន នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ត្បាញ​ក្រមា​ដល់​ក្រឡា​ប្រវែង ១.០១១,៧៨​ម៉ែត្រ ហើយ​។​
​ក្រមា គឺជា​អត្តសញ្ញាណ​ជាតិខ្មែរ ជា​របស់​ប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ឋានៈ សង្គម និង​សាសនា​។ ប្រជាជន​ខ្មែរ​គ្រប់រូប​សុទ្ធតែ​ស្គាល់ និង​ប្រើប្រាស់​ក្រមា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ហើយ​វា​ជា​រឿងរ៉ាវ​ជីវិត និង​ប្រវត្តិសាស្ត្រ​ប្រជាជន​ខ្មែរ​ដែល​បាន​ចារឹក​ជាប់​នឹង​សរសៃអំបោះ នីមួយៗ​នៃ​ក្រមា​។

​ការបង្កើត​យុទ្ធនាការ​ត្បាញ​ក្រមា​វែង​ជាងគេ​នេះ មាន​គោលបំណង​សំខាន់ៗ​ចំនួន​៣ រួមមាន ៖ លើកកម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​, បង្កើត​ការចូលរួមចំណែក ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ​មត៌ក​វប្បធម៌ ប្រពៃណី ខ្មែរ និង​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព និង​ឯកភាព​ជាតិ​តាមរយៈ ការរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ សម្រាប់​ជាតិ

សូម​រំលឹកថា ព្រឹត្តិការណ៍​ត្បាញ​ក្រមា​វែង​ជាងគេ បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ចូលរួម​ត្បាញ​ក្រមា​ដោយ​សេរី​ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៩​យប់ ដែល​រហូតមក​ដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ត្បាញ​រាប់ម៉ឺន​នាក់​ផងដែរ​៕​