ភ្នំពេញ ៖ គ្រឿងសម្អាងជាច្រើនប្រភេទ ចំនួនជាងមួយតោន ត្រូវបានសមត្ថកិច្ចចម្រុះរក ឃើញនៅទីតាំងមួយកន្លែងនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងត្រូវបានសមត្ថកិច្ច តុលាការបញ្ជាឲ្យដកហូតជាបណ្តោះអាសន្ន ដើម្បីទុកសម្រាប់ជាវត្ថុតាងបន្តនីតិវិធី បន្ថែមទៀត។
ករណីចុះត្រួតពិនិត្យ និងដកហូតផលិតផលគ្រឿងសម្អាងខាងលើនេះ ត្រូវបានធ្វើឡើង ដោយកម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយ មន្ត្រីសុខាភិបាល សាខាកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន បានទៅដល់ទីតាំងវេចខ្ចប់និងចែកចាយ ផលិតផលគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត១កន្លែង ស្ថិតនៅតាមផ្លូវវេងស្រេង សង្កាត់ ស្ទឹងមាន ជ័យ១ ខណ្ឌមានជ័យ ដោយបានរកឃើញគ្រឿង សម្អាងក្លែងក្លាយជាង ១ពាន់ គីឡូក្រាម។
មន្ត្រីនគរបាលក្នុងប្រតិបត្តិការបានបញ្ជាក់ថា ការចុះត្រួតពិនិត្យរកបទល្មើសនេះ ធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីដដែលបានបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញថា ទីតាំងវេចខ្ចប់ និងចែកចាយផលិតផលគ្រឿងសម្អាងមួយនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងស្ថាប័នពាក់ព័ន្ធនោះ ឡើយ ក្នុងនោះវត្ថុតាងគ្រឿងសម្អាងចម្រុះដែលលាយរួច សំបកវេចខ្ចប់ វត្ថុធាតុផ្សំសម្រាប់លាយ ចេញជាគ្រឿងសម្អាង និងគ្រឿងសម្អាងចម្រុះជាច្រើនប្រភេទសរុប ១,១៤៣គីឡូក្រាម។
ក្រោយត្រួតពិនិត្យក្នុងទីតាំងខាងលើរួចហើយ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានបញ្ជា ឱ្យកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបាននាំម្ចាស់ទីតាំងឈ្មោះ គឹម ហ៊ង ភេទស្រី អាយុ២៤ឆ្នាំ មកសាកសួរបំភ្លឺ នៅ នាយកដ្ឋានដើម្បីបន្តនីតិវិធី។
សូមជម្រាបថា ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចជំនាញ តែងបានធ្វើការផ្សព្វផ្សាយក្រើន រំលឹកជាបន្តបន្ទាប់ចំពោះប្រជាពលរដ្ឋ ពិសេសចំពោះបងប្អូនស្ត្រីដែលនិយមប្រើប្រាស់គ្រឿង សម្អាងឲ្យមានការប្រុងប្រយ័ត្ន រាល់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលគ្មានបញ្ជាក់ពី ប្រភព ច្បាស់លាស់ ដែលបង្កផលប៉ះពាល់ដល់សុខភាព៕