ខេត្តប៉ៃលិន ៖ រឿងរ៉ាវដ៍រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង០៦និង១៥នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ដោយសារតែកូនប្រុសបង្កើតម្នាក់ បានលើកដៃទាញពូថៅសម្លាប់ម្តាយខ្លូនឯង បណ្តាលឲ្យស្លាប់ និងប្អូនបង្កើតប្រុសស្រី ចំនួនពីរនាក់ទៀត ឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបឋមនៅមណ្ទលសុខាភាពភ្នំព្រាល ព្រោះតែរឿងរ៉ាវក្នុងគ្រួសារបន្តិចបន្តួច និងការបែកថ្នាំរបស់ជនសង្ស័យ ។
ហេតុការណ៍ដ៍រន្ធត់ខាងលើ បានកើតឡើងនៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមលោក ហុង ហេង នាយប៉ុស្ត៍រដ្ឋបាលឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានឲ្យដឹងថា៖ មុនពេលកើតហេតុចំនួន៣ថ្ងៃ ជនសង្ស័យជាកូន បានមកសុំកូនរបស់ខ្លូន ដែលផ្ញើទុកឲ្យម្តាយ(ជនរងគ្រោះ) ជាចិញ្ចឹម យកទៅមើលថែខ្លូនឯងវិញ ប៉ុន្តែត្រូវម្តាយ ដែលជាជនរងគ្រោះមិនឲ្យ ព្រោះតែជនសង្ស័យជាមនុស្សចិញ្ចឹមខ្លូនឯងមិនរស់ និងជាមនុស្សដែលញៀនថ្នាំខ្លាំងផងដែរ ។ លោកនាយប៉ុស្ត៍ បានបន្តថា៖លុះនៅថ្ងៃកើតហេតុ ប្រហែលជាជនសង្ស័យមានគំនុំ រឿងកាលពីថ្ងៃមុន បានជាប្រើអំពើហិង្សាទៅម្តាយ ដោយកាប់និងពូថៅ បណ្តាលឲ្យចំក្បាលធ្ងន់ធ្ងររហូតដល់ស្លាប់និងកន្លែង ចំណែកប្អូនៗ បានឃើញហេតុការណ៍ក៍នាំគ្នាទៅជួយ ប៉ុន្តែត្រូវបានជនសង្ស័យដេញកាប់ដូចគ្នា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ទលសុខភាពផងដែរ ។
បើតាមលោកអនុសេនីយ៍ទោ រី តារ៉ា អធិការរង នៃអធិការដ្ឋានស្រុកសាលាក្រៅ ដែលដឹកនាំកម្លាំងចុះអន្តរាគមន៍ករណីខាងលើនេះ បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះទីមួយឈ្មោះ សុខ ស្រីម ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ជនសង្ស័យ ដោយស្លាប់និងកន្លែង ដែលជនសង្ស័យជាកូនកាប់នឹងពូថៅ , ទីពីរឈ្មោះ ធុង ថូ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាប្អូនបង្កើតជនសង្ស័យ រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទីបីឈ្មោះ ធុង សារី ភេទស្រី អាយុ២០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតជនសង្ស័យ រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ។
លោក បានបន្តថា៖ ករណីនេះគឺបណ្តាលមកពីជនសង្ស័យ ដែលត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នាជាមួយម្តាយខ្លួនឯងកាលពីបីថ្ងៃមុន រួចមានការគុំគួន លុះរហូតមកដល់វេលា កើតហេតុខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្ករហឹង្សា ដោយចេតនាលើជនរងគ្រោះតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចនៃអធិការនគរបាលស្រុកសាលាក្រៅ ធ្វើការឃាត់ខ្លូន និងរៀបចំសំណុំរឿងបញ្ជូនបន្តមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរបង្អែកខេត្តប៉ៃលិន ដោយសពជនរងគ្រោះជាម្តាយ ត្រូវបានសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ ៕