លើកគ្នា​ជិត​៤០​នាក់​ទៅប្តឹង​ពី​ករណី​រដ្ឋបាល​រោងចក្រ​ឆបោក​លុយ​ធានា​ឲ្យ​ចូលធ្វើការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់ តំណាងអោយ​កម្មករ​២០០​នាក់ បាននាំគ្នា​ធ្វើដំណើរ​មក​សាលាសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ សុំ​ការអន្តរាគមន៍​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​បុរស​ម្នាក់​និង​នារី​ម្នាក់ បាន​អះអាងថា ជា​បុគ្គលិក​រដ្ឋបាល​រោងចក្រ​មួយកន្លែង និង​ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ ដោយ​តម្រូវអោយ​ពួកគាត់​បង់លុយ​ជាមុន​ហើយ​សន្យាថា នាំចូល​ធ្វើការ​។​

​បើតាម​យុវជន​ម្នាក់​ឈ្មោះ ផេង ចាន់​ថូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ស្ពាន​តោ ឃុំរ​ឡាំង​គ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានអោយដឹងថា មុនពេល​កើតហេតុ​រូបគាត់​បានឃើញ​ក្រដាស​ដែល​គេ បិទ​តាម​បង្គោល​ភ្លើង​និង​ជញ្ជាំង​តាមផ្លូវ​ថា ត្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​ជាច្រើន​នាក់​និង​មិន​ត្រូវការ​បទពិសោធន​ទេ ទើប​រូបគាត់​ទំនាក់ទំនង​តាម​ទូរស័ព្ទ និង​ណាត់ជួប​បុរស​ម្នាក់​ឈ្មោះ តុលា ។​លុះ​នៅ​ថ្ងៃ​២០ ខែឧសភា ឆ្នាំ​ដដែល​រូបគាត់​ក៏​មកជួប​បុរស​ម្នាក់​ឈ្មោះ តុលា ដែល​អះអាងថា ជា​រដ្ឋបាល​បាន​តម្រូវអោយ​បង់លុយ​មុន​ចំនួន​៥០​ដុល្លារ ដោយ​សន្យាថា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នេះ នឹង​នាំចូល​ធ្វើការ​។​

​តាម​ព័ត៌មាន​បន្តទៀតថា​រហូត​មកដល់​ថ្ងៃកើតហេតុ​រូបគាត់​និង​ក្រុមកម្មករ​ជាច្រើន​នាក់​ទៀត​បាននាំគ្នា​មក​ចូលធ្វើការ​តាម​អ្វីដែល​បុរស​រដ្ឋបាល​នោះ​សន្យា​។ តែ​អ្វីដែល​ហួសចិត្ត​នោះ​ខ​ណះ​ដែល​ក្រុមកម្មករ​ជាង​២០០​នាក់​បានមក​ធ្វើការ​បែរជា​កន្លែង​រោងចក្រ​ឆ្លើង​ថា​មិនមាន​រើស​បុគ្គលិក​នោះទេ​ហើយក៏​មិន​ស្គាល់ឈ្មោះ​តុលា ដែល​អះអាងថា​រដ្ឋបាល​ដែរ​ទើប​នាំគ្នា​ភ្ញាក់ខ្លួន​ថា​ចាញ់បោក​គេ​ហើយ​បាននាំគ្នា​ទៅ​សាលាសង្កាត់​ចោមចៅ​៣​សុំ​ការអន្តរាគមន៍​។​

​ជនរងគ្រោះ​បាន​បញ្ជាក់ថា​រោងចក្រ​ដែល​បុរស​ឆបោក​ប្រាប់​យកមក​ធ្វើការ​នោះ​ឈ្មោះ​រោងចក្រ វីន សាន់ ដែល​បាន​ទីតាំង​នៅក្នុង​ដំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ពួកគេ​មក​ប្រគល់​លុយ​នៅក្នុង​បុរី ញ៉ូ​ថោ​ន សង្កាត់​ចោមចៅ​៣​។​

​ជនរងគ្រោះ​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​បង់​រហូត​១០០​ដុល្លារ ឬ​លើសពីនេះទៅទៀត​ក៏មាន​។​យ៉ាងណាក៏ដោយ សមត្ថកិច្ច​នៅ​មិនទាន់​ចាត់ការ​បែបណា ចំពោះ​ការតវ៉ា​នោះ​នៅឡើយ​ទេ​៕​