ម៉េង កែវពេជ្ជតា ជះ​កំហឹង​បក ស្រាយរឿងអាស្រូវ​បោកប្រាស់​លុយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2015 ក+ ក-

ភ្នំពេញ៖​ស្រប​ពេលដែល ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឈាន​ជិត​ចូលមក​ដល់ អ្នកនាង​ម៉េង កែវពេជ្ជតា បែរជា​សម្រេចចិត្ត​ជះ​កំហឹង​ជម្រះ​រឿងអាស្រូវ​របស់ខ្លួន​តែម្ដង​។ ក្នុង​វេទិកា​«​តុ​បំភ្លឺ​»​របស់​ស្ថានីយទូរទស្សន៍​MyTV កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១១ ខែមេសា អ្នកនាង​ចោទថា​ជា​រឿង​លាប​ពណ៌​សុទ្ធសាធ ជុំវិញ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ថា​អ្នកនាង​បោក ប្រាក់​របស់​បុរស​ពោះម៉ាយ ដែលជា​មន្ត្រីជាន់ខ្ពស់ និង​ជា​បុរស​ស្ដុកស្ដម្ភ​មួយរូប ព្រោះតែ​សម្អាង​លើ​ការ​បង្ហោះ​សារ​ពី​ជនអនាមិក​ម្នាក់​។ អ្នកនាង​ចោទថា​នេះ​ជា​សារ​បង្ខូចឈ្មោះ​ដែល​ចេញ​ប្រភពពី​ក្រុម អ្នក​ឈ្នានីស​មួយរូប ដែល​រឿងរ៉ាវ​នោះបាន​រីកធំឡើង ព្រោះតែ​អ្នកកាសែត​បំប៉ោង​បន្ថែម​មិនមាន​មូលដ្ឋាន​។

​អ្នកនាង​ម៉េង កែវពេជ្ជតា និយាយថា «​ខ្ញុំ​ចង់​បញ្ជាក់ថា អ្នកចោទ​ខ្ញុំ​បោកប្រាក់គេ​ហ្នឹង ទាំង​បងប្អូន​ខ្ញុំ​ទាំង​គ្រួសារ​ខ្ញុំ​ស្គាល់​គាត់​ទាំងអស់ ព្រោះ​ធ្លាប់​រាប់អាន​គ្នា ប៉ុន្តែ​ខ្ញុំ​អត់​ខឹង ឬ​ចងពៀរ​ហ្នឹង​គាត់​ទេ ព្រោះ​ខ្ញុំ​ដឹងថា​ខ្លួនឯង​អត់​បានធ្វើ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា​លិខិត​អនាមិក​នោះ អត់​ពិត​ទាំងអស់​!»​។​

នេះ​គឺជា​ការបំភ្លឺ​ដ៏​កម្រ បន្ទាប់ពី​រឿងរ៉ាវ​អាស្រូវ​ផ្ទុះ​ខ្លាំង​រញ្ជួយ​ស្រទាប់​មហាជន និង​ក្នុង​ចង្កោម​សិល្បៈ នាពេល​ចុងក្រោយ​។ អ្នកនាង​បញ្ជាក់ថា​ហេតុផល​មិនបាន​ពន្យល់​ឲ្យ​ជាក់លាក់​គ្រប់ ពេល​សម្ភាសន៍ មិនមែន​ដោយសារតែ​ឫក ឬ​មិន​ហ៊ាន​ទទួលយក​ការពិត​ដូច​ការចុះផ្សាយ​នោះទេ ពោលគឺ​បង្ក​ពី​ហេតុផល​អ្នក​រំលេច​ព័ត៌មាន​តែប៉ុណ្ណោះ​។

អ្នកនាង​និយាយថា «​ពេល​ប្អូន​ម្នាក់​(​អ្នកកាសែត​)​គាត់​ខ​ល​មក គឺ​ចំពេល​ខ្ញុំ​ត្រៀម​ឡើងខន​សឺត​ថ្លង់​ភ្លេង​សម្ភាសន៍​អត់​កើត ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​គាត់​ខ​ល​មក​ពេល​ចប់​ការងារ ដោយ​គាត់​អូ​ខេ ប៉ុន្តែ​គាត់​មិន​ត្រឹមតែ​មិន​ខ​ល​ទេ គឺ​ស្អែក​ឡើង​ចេញ​ព័ត៌មាន​ដោយ​គ្មាន​សម្តី​ខ្ញុំ​មួយ​ម៉ាត់​យ៉ាង​ព្រោង ព្រាត​!»​។ អ្នកនាង​បាន​ចោទ​ស្ថាប័ន​ទស្សនាវដ្ដី​ដែល​បាន​ចុះផ្សាយ​ពី​រឿង អាស្រូវ​នោះ​ជា​អ្នក​ពង្រីក​ដំណឹង​ភ្ជាប់​នឹង​គំនុំ និង​ការសរសេរ​ដោយ​ប្រើ​អារម្មណ៍​។​

​អ្នកនាង​និយាយ​បណ្ដើរ​បង្ហូរទឹកភ្នែក​ប​ណ្ដើ​រថា​«​ខ្ញុំ​ហែល​ឆ្លង អស់ហើយ ខ្ញុំ​លំបាក​អស់ហើយ ខ្ញុំ​សង្ឃឹមថា​អ្វីដែល​លោកអ្នក​ធ្វើបាប​ខ្ញុំ​កន្លងមក ល្មម​គ្រប់គ្រាន់​នឹង​ចិត្ត​របស់​អ្នក​ហើយ​… ព្រោះថា​ការដែល​បងៗ​ចុះ​អ្វី​ដោយ​គ្មាន​មូលដ្ឋាន ហើយ​មិនមាន​ការពិត វា​ប៉ះពាល់​ខ្លាំងណាស់​ដល់​ជីវិត​រស់នៅ​របស់ខ្ញុំ​ជាតា​រា ដែលជា​ស្ត្រី​ម្នាក់​!»​។ អ្នកនាង​នៅតែ​ទទូច​ដដែល​ដល់​អ្នក​ខ​ល​សម្ភាសន៍​សរសេរ​អ្វីដែល​បាន សម្ភាសន៍ និង​បញ្ចប់​ការ​លាប​ពណ៌​ដើម្បី​តែ​ផលប្រយោជន៍​របស់​ស្ថាប័ន​ខ្លួន ដោយ​យក​តម្លៃ និង​កិត្តិយស​របស់​អ្នកសិល្បៈ​ទៅ​បំផ្លាញ​។​

​អ្នកនាង​បាន​ប្រើ​កញ្ចក់​ទូរទស្សន៍​ទទូច​ជា​សាធារណៈ​ឲ្យ​ក្រសួង​ចំនួន ពីរ គឺ​ក្រសួង​កិច្ចការនារី និង​ក្រសួង​ព័ត៌មាន ធ្វើការ​ត្រួតពិនិត្យ​នូវ​រាល់​ការចេញផ្សាយ​ពាក់​ព័​ន្ថ​នឹង ព័ត៌មាន​អាស្រូវ​ទាំងអស់​របស់​បណ្ដាញសារព័ត៌មាន​ទស្សនាវដ្ដី និង​កាសែត​ក្នុងស្រុក ដោយ​អះអាងថា​ស្លាប​ប៉ា​ការបស់​អ្នកសរសេរ​មាន​ឥទ្ធិពល​យ៉ាង​អាក្រក់ ទម្លាក់​តម្លៃ​ស្ត្រី​ខ្មែរ ព្រោះតែ​ការសរសេរ​គ្មាន​វិជ្ជាជីវៈ និង​ប្រើ​កំហឹង​ក្នុងការ​តាក់តែង​។ អ្នកនាង​និយាយថា «​នាង​ខ្ញុំ​សូម សំណូមពរ​ដោយ​ទទូច​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី មេត្តា​ត្រួតពិនិត្យ​រាល់​ការចេញផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន ព្រោះថា​រាល់​ការសរសេរ​របស់គាត់ បើ​គិតតែ​លើ​ផលប្រយោជន៍​(​លក់ដាច់​)​របស់គាត់​អញ្ចឹង វា​ប៉ះពាល់​ខ្លាំងណាស់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​ទាំងមូល​! វា​ធ្វើ​ឲ្យ​មហាជន​យល់ច្រឡំ​តែ​អញ្ចឹង ថា​តារា​សិល្បៈ​ខ្មែរ​មាន​ប្ដី​មាន​មិន​ជាប់​នឹង​គេ គ្មាន​ប្ដី​ខ្លាច​តែ​យកប្ដី​គេ ហើយ​បើ​គ្នា​លែងលះគ្នា​ក៏​អ​ញ្ចេះ​ក៏​អ​ញ្ចុះ​…​ពួក ខ្ញុំ​រាល់ថ្ងៃ​ខំ​រស់​ដោយ​ភាពថ្លៃថ្នូរ​ខ្លាំងណាស់ គឺ​អត់​ចង់​ឮ​ពាក្យ​វាយប្រហារ​អញ្ចឹងទេ​! សូម​គាត់​យក​ចុង​ប៉ិច​របស់គាត់​សរសេរ​អ្វី​ល្អ​ខ្លះ​ផង កុំ​លើក​តែ​អ្វីដែល​អាក្រក់ ហើ​ត​អត់​ពិត​សោះ​អញ្ចឹង​!»​។​

​អ្នកនាង​បញ្ជាក់ថា មិន​ខ្លាច​ចំពោះ​ការពិត​ទេ ហើយក៏​មិនដែល​មានគំនិត​គេច​ចេញពី​ការសម្ភាសន៍​ដែរ ប៉ុន្តែ​មកពី​អ្នកនាង​យល់ថា​ការផ្ដល់​ចម្លើយ គឺ​កម្រ​ដកស្រង់​ចំណុច​ល្អ​យកមក​សរសេរ និង​កាន់តែ​ធ្វើ​ឲ្យ​រឿង​វែងឆ្ងាយ ទើប​សម្រេចចិត្ត​ធីប​ចោល​ការសុំ​សម្ភាសន៍​ពី​សំណាក់​អ្នកកាសែត ហើយ​ចូល​កម្មវិធី​«​តុ​បំភ្លឺ​» វែកញែក និង​បញ្ចេញ​កំហឹង​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នេះ​តែម្ដង​៕vod
12M-pich-2015-04-12