ភ្នំពេញ ៖ សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនស្នេថេក ខូអិលធីឌី និងសំណើសុំអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនខេមបូឌា អ៊ិនធើណេសិនណល អ៊ីនវេសមែន ឌីវើឡុបមែនគ្រុប ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកយកមកពិនិត្យ តាមរយៈកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនានេះ។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំនេះថា សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ទាំង២ខាងលើត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ញើ ជូនរដ្ឋសភាកាលពីសប្តាហ៍មុន និងទុកជាការប្រញាប់ ដែលនាំអោយថ្ងៃនេះគណៈកម្មាធិការអចិន្ត្រៃរដ្ឋ សភាយក
សេចក្តីព្រាងច្បាប់ទាំង២នេះមកប្រជុំដើម្បីពិនិត្យ និងអនុម័ត ដោយកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានាពេលនេះបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅជូនគណៈកម្មការទី២ និងទី៦ ធ្វើការពិនិត្យសិក្សា និងស្រាវជ្រាវ រួចដាក់ជូនមករដ្ឋសភាវិញដើម្បីប្រជុំ និងអនុម័តនាពេលខាងមុខ។
បើតាមលោក ឈាង វុន សមាជិករដ្ឋសភាបានឲ្យដឹងថា ក្រុមហ៊ុនស្នេថេក ខូអិលធីឌី និងក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេសិនណល អ៊ីនវេសមែន ឌីវើឡុបមែនគ្រុប គឺជាក្រុមហ៊ុនវិនិយោគខាងផ្នែកអគ្គិសនី ជាដៃគូសហការល្អជាមួយរាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់អគ្គិសនីដើម្បីឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឲ្យឈានឡើងបន្ថែមទៀត តាមរយៈការពឹងផ្អែកទៅលើផ្នែកថាមពលសម្រាប់ដំណើរការលើវិស័យឧស្សាហកម្ម៕