ខេត្តក្រចេះ ៖ ឧបករណ៍នេសាទជាច្រើនប្រភេទ ដែលជនល្មើសបានលបលួចចូលមកនេសាទ នៅក្នុងតំបន់អភិរក្សសត្វផ្សោតកាំពីត្រូវបានក្រុមឆ្មាំទន្លេចុះបង្ក្រាបបាន កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែមិថុនា តាមដងទន្លេមេគង្គ ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ជាមួយនិងសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងតំបន់អភិរក្សសត្វផ្សោតកាំពី របស់ក្រុមមន្ត្រីឆ្នាំទន្លេនាយប់នោះ គឺសមត្ថកិច្ច បានចាប់ឃាត់ទូកនេសាទ៤គ្រឿង ដែលបានធ្វើសកម្មភាពបើកបណ្តែតមងក្រលាធំៗ ចាប់ត្រីនៅក្នុងតំបន់ហាមឃាត់។
ប្រធានឆ្នាំទន្លេ និងជានាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ម៉ុក ពន្លក បានឱ្យដឹងថា ការចុះបង្ក្រាប បទល្មើសនាសាទក្នុងដែនអភិរក្ស និងជារដូវបិទនេសាទនេះ គឺមានការចូលរួមសហការណ៍ ពីកម្លាំងសហគមន៍នេសាទជ្រោយបន្ទាយ កម្លាំងឆ្នាំទន្លេ និងកម្លាំងខណ្ឌជលផលក្រចេះផងដែរ។
លោកបានបន្តថា ក្នុងការចុះបង្ក្រាបនេះគឺសមត្ថកិច្ចចាប់ឃាត់បានទូកម៉ាស៊ីនចំនួន០៤គ្រឿង មងបណ្តែតចំនួន០៤ត្បូង មានប្រវែងជិត២ពាន់ម៉ែត្រ ហើយវត្ថុតាងទាំងនោះត្រូវបានយកមករក្សារទុកខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ស្តីពីជលផល។ ដោយឡែកម្ចាស់ទូកនេសាទខុសច្បាប់ទាំង៤ខាងលើគឺបានគេចខ្លួនបាត់នៅពេលដែលសមត្ថកិច្ចអូសទូកចូលដល់ខាង។
ជាមួយគ្នានេះ ប្រធានឆ្មាំទន្លេក្រចេះ ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមមេត្តាកុំចូលមកនេសាទក្នុងតំបន់ហាមឃាត់ ដែលជាកន្លែងអភិរក្សសត្វផ្សោតកាំពី និងអន្លង់ត្រីមេពូជមិនថាឡើយរដូវបើកនេសាទឬក៏រដូវបិទនេសាទនោះទេ ប្រយោជន៍ដើម្បីការពារសត្វផ្សោតដែលជាសម្បត្តិបេតិកភ័ណ្ឌមានជីវិតរបស់យើង៕