ភ្នំពេញ ៖ ក្រោយពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាមេរិក បានប្រកាសបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស ដោយលើកហេតុផលថា លោកជាប់ពាក់ព័ន្ធនឹងករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជារួចមក ឆ្លើយតបភ្លាមៗ លោក ហ៊ីង ប៊ុននហៀង បានថ្លែងទាំងអស់សំណើចថា «ឲ្យដកយកទ្រព្យសម្បត្តិរបស់លោកឲ្យអស់ចុះ បើមាននៅអាមេរិក»។
លោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការនៃកងអង្គរក្សរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃនាយកដ្ឋានរតនាគារអាមេរិក ប្រកាសនៅថ្ងៃទី១២ ខែមិថុនា នេះ ពីការបង្កកទ្រព្យសម្បត្តិ ដោយលើកហេតុផលថា លោក ហ៊ីង ប៊ុនហៀង បានរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែលនេះ បានភ្ជាប់លោកជាមួយករណីហិង្សាកាលពីឆ្នាំ ២០១៥ ថា «សមាជិកកងអង្គរក្សចំនួន៣នាក់ ដែលបានចាប់បញ្ជូនទៅពន្ធនាគារនោះ បានសារភាពថា ពួកគេពិតជាបានចូលរួមប្រើហិង្សាវាយទៅលើអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងពីររូបមែន។ ក្រោយមកអង្គរក្សទាំងនោះត្រូវបានដោះលែងវិញ រួមទាំងទទួលបានការដំឡើងតំណែងថែមទៀត។
លោក ហ៊ីង ប៊ុនហៀង ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក នៅក្រោមច្បាប់ GLOBAL MAGNITSKY ដែលបង្កើតឡើងក្នុងគោលបំណងបង្កកទ្រព្យរបស់បុគ្គលណា ដែលជាប់ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ,ការប្រព្រឹត្តអំពើពុករលួយ និងការគំរាមដល់ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយអន្តរជាតិជាដើម.។
ក្រោយពីអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រោមការចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ លោកហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាង ថា `«វាជារឿងគួរឲ្យអស់សំណើច។ ជាមួយនឹងការអស់សំណើច លោកហ៊ីង ប៊ុនហៀង ក៏បានប្រាប់ទៅអាមេរិកវិញថា ឲ្យដកយកទ្រព្យសម្បត្តិរបស់លោកឲ្យអស់ចុះ បើមាននៅអាមេរិក…»៕