ភ្នំពេញ៖ សន្តិសុខEPM ៦នាក់ដែលយាមនៅរោងចក្ររ៉ូស៊ីងត្រូវគេប្រទះ ឃើញដេកសន្លប់ស្តូកស្តឹង ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យឯកជន។ករណីនេះត្រូវគេសង្ស័យថាមានសន្តិសុខដូចគ្នាដាក់ថ្នាំសណ្តំក្នុងកាហ្វេរួចចូលលួចខោក្នុងរោងចក្រយកអស់២៥.០០០ខោ និងម៉ូតូ១គ្រឿងដឹក២រថយន្តហើយគេចខ្លួនបាត់ គិតជាទឹកប្រាក់ប៉ាន់ស្មានជាង១០ម៉ឺនដុល្លារ។
ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣កញ្ញា នៅរោងចក្ររ៉ូស៊ីងស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
អ្នករាយការណ៍ព័ត៌មានបានដកស្រង់សំដីប្រធានរដ្ឋបាលថា ក្រុមសន្តិសុខឯកជននោះមកពីក្រុមហ៊ុន EPS មានទីតាំងស្ថិតនៅភូមិស្លែងរលើងសង្កាត់ ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រោងចក្ររ៉ូស៊ីង មានសន្តិសុខយាមប្រមាណ១០នាក់ ក្នុងនោះ០៦នាក់ បានដេកសន្លប់ស្តូកស្តឹង ដោយត្រូវសន្តិសុខដូចគ្នាដាក់ថ្នាំសណ្តំក្នុងកាហ្វេឲ្យផឹក ហើយចូលលួចខោក្នុងរោងចក្រ។ មុនពេលកើតហេតុ សន្តិសុខជាជនសង្ស័យចំនួន០៤នាក់បានទិញកាហ្វេហើយដាក់ថ្នាំសណ្តាំ ឲ្យសន្តិសុខដូចគ្នាចំនួន៦នាក់ផឹករហូតសន្លប់លែងដឹងខ្លួនអស់ទើប ពួកគេរើយកខោម៉ាកH&Mចំនួន២៥.០០០ខោ ដោយដឹកតាមរថយន្តចំនួន២គ្រឿង និងយកម៉ូតូសន្តិសុខដូចគ្នាចំនួន១គ្រឿងទៀត ទើបគេចខ្លួនបាត់ដោយសុវត្ថិភាព។
បន្ទាប់ពីមានការភ្ញាក់ផ្អើលឃើញសន្តិសុខទាំង៦សន្លប់ក៏បាននាំគ្នាជួយដឹកយកទៅសង្គ្រោះគ្លីនិកឯកជន ចំណែកសមត្ថកិច្ចមូលដ្ឋាន និងខាងរោងចក្របានសហការគ្នាស្រាវជ្រាវស្វែងរកមុខសញ្ញាខាងលើនេះយ៉ាងយកចិត្តទុកដាក់៕