ភ្នំពេញ ៖ ប្រទេសកម្ពុជា កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន មានស្ពាន ផ្លូវផ្នល់ និងស្ពានអាកាស ជួយសម្រួលការកកស្ទះចរាចរណ៍ និងសម្រួលការដឹកជញ្ជូន ឆ្លងកាត់ រាជធានីភ្នំពេញ។ ដោយមូលហេតុនេះ រាជរដ្ឋាភិបាលបានសាងសង់ផ្លូវក្រវ៉ាត់ក្រុង ស្ពាន និងស្ពានអាកាសជាបណ្តើរៗ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិផង និងទាក់ទាញអ្នកវិនិយោគ មកចូលរួមអភីវឌ្ឍប្រទេសកម្ពុជា។ ជាក់ស្តែងស្ពានអាកាសថ្មីមួយទៀត កំពុងសាងសង់ ដោយក្រុមហ៊ុនសៀងហៃគ្រុប នៅលើផ្លូវសហព័ន្ធរុស្សី សង់ជិតរួចរាល់ទាំងស្រុង នឹងសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខ ។
អ្នកនាំពាក្យ ក្រសួងសាធារណៈការនឹងដឹកជញ្ជូន ឯកឧត្តម វ៉ា សឹមសុរិយា មានប្រសាសន៍ នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៨ថា ស្ពានអាកាសថ្មីនៅផ្សារដីហុយ គ្រោងសម្ភោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។ ឯកឧត្តមមានប្រសាសន៍បន្តថា ស្ពានអាកាសនេះ ប្រវែង៩៤២ម៉ែត្រ ទទឹង១៦ម៉ែត្រកន្លះ ចំណាយថវិកាសាងសង់ប្រមាណ ១៦លានដុល្លារកន្លះ។ ស្ពានអាកាសផ្សារដីហុយនេះ មុននឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ ក្រុមហ៊ុននឹងធ្វើការពិសោធន៍វិស្វកម្ម ពង្រឹងគុនភាពស្ពាន នៅថ្ងៃទី១៤និង១៥ ខែមិថុនា ដើម្បីវាស់ស្ទង់ទម្ងន់អតិប្បរមាអាចឲ្យឆ្លងកាត់ស្ពាន។ ស្ពាននេះត្រូវបានក្រុមហ៊ុនចិន ឈ្មោះសៀងហៃគ្រុប កំពុងសាងសង់ជិតរួចជាស្ថាបពរហើយ។
ស្ពានអាកាសផ្សារដីហុយនេះ ស្ថិតនៅក្នុងគម្រោង ខ្សែក្រវ៉ាត់ក្រុងទី២ ដែលមានចម្ងាយសរុប ១៦គីឡូម៉ែត្រ ភ្ជាប់ទំនាក់ទំនងចរាចរណ៍ ពីខេត្តកណ្តាល មករាជធានីភ្នំពេញ។ គម្រោងខ្សែក្រវ៉ាត់ក្រុងទី២នេះ គ្រោងចំណាយថវិកា ៦១លានដុល្លារអាមេរិក ជាថវិកាកម្ចីពីសាធារណៈរដ្ឋប្រជាមានិតចិន។
គួរជម្រាបជូនថា ក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសសម្ភោធឲ្យដំណើរការរួចរាល់ ហើយចំនួន៤ និងស្ពានអាកាសថ្មីផ្សារដីហុយនេះមួយទៀតសរុប៥ស្ពានអាកាស៕