ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនិងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនានេះ ឆ្ពោះទៅកាន់ព្រះរាជាណាចក្រថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងការបើកកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ក្នងនាមកម្ពុជាជាប្រធាន ដែលកិច្ចប្រជុំនេះនឹងរៀបចំធ្វើនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលដែលអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។
តាមការថ្លែងបញ្ជាក់ពី លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មុនពេលចេញដំណើរពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានអោយដឹងថា កិច្ចប្រជុំកំពូល ACMECS លើកទី៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍មេគង្គដែលមានសមាហរណកម្ម និងការតភ្ជាប់ ដែលមាន លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ជាប្រធានកិច្ចប្រជុំ នឹងពិភាក្សាពីយុទ្ធសាស្ត្រពង្រឹងសមត្ថភាព ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន រួមនិងការបង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនេះ ឯកសារសំខាន់ចំនួនបី នឹងត្រូវអនុម័ត រួមមាន (១) បញ្ជីគម្រោងអាទិភាព (២)ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ។ ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមនៅក្នុងវេទិកានាយកប្រតិបត្តិ ACMECS (ACMECS CEO Forum) ដោយសម្តេចតេជោ នឹងថ្លែងសុន្ទរកថាគន្លឹះមួយ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS និងការធ្វើសមាហរណកម្ម។
ដោយឡែក កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា”នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាននៃកិច្ចប្រជុំ រួមនិងវត្តមានចូលរួមពីសំណាក់ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក អ៊ូ វីន ម្ញីនត៍ (U Win Myint) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម! និងលោក ដាតុ លីម ចូក ហួយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ផងនោះ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ដើម្បីពិភាក្សារិះរកវិធីយ៉ាងណាដើម្បីបន្តប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកំពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព សំដៅសម្រេចឲ្យបាននូវការការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល CLMV លើកទី៩ នេះ នឹងមានការអនុម័តសេចក្តីថ្លែងការណ៍រួម ហើយបន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងធ្វើសន្និសីទសារព័ត៌មានក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលនេះ។
គួរកត់សម្គាល់ថា ប្រទេស CLMV មានការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយសារថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងសម្របសម្រួលដើម្បីឲ្យមានសេរីភាវូបនីយកម្ម ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច គួបផ្សំជាមួយនិងកត្តាលើកទឹកចិត្តផ្សេងៗទៀត ដូចជាតម្លៃពលកម្មទាប អំណោយផលនៃប្រជាសាស្ត្រ ក៏ដូចជាទីតាំងភូមិសាស្ត្រមាន លក្ខណៈយុទ្ធសាស្ត្រ ជាដើម។
តាមការគ្រោងទុក នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងទីក្រុងបាងកកនាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត និងលោក ង្វៀន សួនហ្វ៊ុក ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ដើម្បីពង្រឹង និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏កក់ក្តៅ និងប្រកបដោយផ្លែផ្ការវាងកម្ពុជា និងថៃ៕