ភ្នំពេញ ៖ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលជួបលោក ស៊ូ ឌីរ៉ាម៉ាន់ ហាស់សេន (SUDIRMAN Haseng ) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម។
បន្ទាប់ពីចប់ជំនួបពិភាក្សា លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន ស្វាគមន៍ការចូលកាន់ការ ងាររបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងអបអរសាទរឥណ្ឌូនេស៊ី ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសន្តិសុខមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិឆ្នាំ២០១៩-២០២០។
លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាគាំទ្រឥណ្ឌូនេស៊ី ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសន្តិសុខមិនអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ។
ក្នុងជំនួបនាព្រឹកមិញនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានបញ្ជាក់ថា ឥណ្ឌូនេស៊ី នឹងបញ្ជូនអ្នកសង្កេតការណ៍២ក្រុមមកចូលរួមសង្កេតការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។ អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនោះ គឺសុទ្ធតែជាឥស្សរៈជនសំខាន់ៗ។
លោកទេសរដ្ឋមន្ត្រីបានសម្តែងនូវការចាប់អារម្មណ៍នៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ហើយនឹងខិតខំជំរុញបន្ថែមទៀត ទាំងផ្នែកទេសចរណ៍មកទស្សនាកម្ពុជាឲ្យកាន់តែច្រើន។ ក្រុមហ៊ុនទេសចរណ៍ឥណ្ឌូនេស៊ី មានគម្រោងហោះហើរត្រង់មកកម្ពុជា ភាគីកម្ពុជាស្វាគម៍គម្រោងហោះហើរត្រង់នោះ។ កាលពីឆ្នាំ២០១៦ឥណ្ឌូនេស៊ី បានផ្តល់អាហារូបករណ៏ដល់និស្សុតកម្ពុជា ចំនួនជាង២០០កន្លែង។ ភាគីទាំងពីរជំរុញបង្កើនកិច្ចសហការផ្នែកអប់រំនេះផងដែរ។
ឯឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ឯកឧត្តមនឹងចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ឥណ្ឌូនេស៊ី បានផ្តល់ការហ្វឹកហាត់ដល់កងកម្លាំងកម្ពុជា នាពេលកន្លងមក។ កម្ពុជា និងឥណ្ឌូនេស៊ី មានកិច្ចសហការគ្នាបានល្អលើឆាកអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ជំហរកម្ពុជាគាំទ្របេក្ខភាពឥណ្ឌូនេស៊ី លើឆាកអន្តរជាតិ ហើយឥណ្ឌូនេស៊ី បានគោរពអធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕
( លោក SUDIRMAN Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី )