ប៉ោយប៉ែត ៖ មនុស្ស៤នាក់រងរបួសធ្ងន់ ស្រាល ចំណែកមនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង ៤០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារផ្លូវចូលវត្តកូបតូច ស្ថិតក្នុងភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុមានរថយន្តធុនធំ១គ្រឿងម៉ាកហ្វុយសូ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2149 បើកបរដោយឈ្មោះ ជី កូរ៉េ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរគោលដៅពីកើតទៅទិសខាងលិចដែលគេសង្ស័យថា ស្រវឹង។ លុះបើកបរដល់ចំណុចកើតហេតុបានឡើងជែងគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក០១គ្រឿងមានដឹកគ្រែ(ក្នុងទិសដៅស្របគ្នា) លុះជែងបានបន្តិចបានជ្រុលចង្កូតទៅបុករះម៉ូតូកង់បី១គ្រឿង និងម៉ូតូ១គ្រឿងផ្សេងទៀត និងតូបលក់ឥវ៉ាន់ នៅលើជាយផ្លូវខាងត្បូងផ្លូវជាតិ ហើយរថយន្តនោះរេចង្កូត ទៅបុក គោយន្តកន្ត្រៃដឹកគ្រឿងសង្ហារឹមកំពុងបើកលើផ្លូវជាតិ បណ្តាលអោយគ្រោះថ្នាក់តែម្តង ។
សមត្ថកិច្ចបន្ថែមថាករណីនេះបណ្តាលអោយៈឈ្មោះ លឹម គារ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់) ឈ្មោះ គាត លីឃឹង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ លក់គ្រែ រស់នៅក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ (រងរបួសស្រាល)អ្នកបើកបរគោយន្តកន្ត្រៃ។ឈ្មោះ ឈឹម ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ លក់គ្រែ រស់នៅក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ (រងរបួសស្រាល)អ្នករួមដំណើរលើ។ឈ្មោះ តោ ឡាយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល)ម្ចាស់ម៉ូតូហុងដាទ្រីម ។ឈ្មោះ ថន រតនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល)រួមដំណើរលើម៉ូតូហុងដាទ្រីម ។
សមត្ថកិច្ចបញ្ជាក់បន្ថែមឈ្មោះ លឹម គារ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់) បានដឹកដោយរថយន្តពេទ្យយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី ជាម្ចាស់ម៉ូតូកង់បីបានបាត់បង់ជីវិត្តបន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ។
ចំណែកអ្នកបើកបររថយន្តក្រោយបង្ករហេតុកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួននិងបញ្ជូនទៅជម្នាញស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។រីឯម៉ូតូ,ម៉ូតូកង់បី,គោយន្តកន្ត្រៃ និងរថយន្តធុនធំ (ខូចខាតធ្ងន់)ស្ទួចយកទៅរក្សាទុកនៅប៉ុស្តិ៍និមិត្តដើម្បីដោះស្រាយបន្តតាមនីតិវិធី៕