ប្រតិភូ​ក្រសួង​ការពារ​ចិន ទស្សនកិច្ច​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2018 ក+ ក-

ភ្នំពេញ ៖ បន្ទាប់ពី​បាន​បើកសម្ពោធ​ពិ​ព័ណ៌​កិច្ចសហប្រតិបត្តិការ​យោធា កម្ពុជា​.​ចិន រួចមក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ង​ហឺ (WEI FENG HE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អមដំណើរ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា នា​ព្រឹក​ថ្ងៃ​ដដែល​នោះ ។

ក្នុងឱកាស​អញ្ជើញ​ទៅដល់​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនា​នូវ​សមិទ្ធិផល​មួយចំនួន​នៅក្នុង​មន្ទីរ​ពេទ្យ ដែល​បានផ្ដល់​ដោយ​កងទ័ព​រំដោះប្រជាជន​ចិន ជួន​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​កន្លងមក សំរាប់ជួយ​ព្យាបាល​ដល់​កងទ័ព​ដែលមាន​ជំងឺ និង​របួស ទូទាំង ខ​.​ភ​.​ម ។

​ក្នុង​ជំនួយ​ទាំងនោះ​មាន​ជា​អាគារសំភារៈ​បច្ចេកទេស​ព្យាបាល​ដ៏​ទំនើប សំរាប់​ព្យាបាល​គ្រប់​ប្រភេទ​ជំងឺ ព្រមទាំង​បានផ្តល់​វេជ្ជ​ប​ណ្ឌឹ​ត​បច្ចេកទេស​ក្នុងការ​ព្យាបាល និង​ជួយបណ្តុះបណ្តាល​ដល់​គ្រូពេទ្យ​កងទ័ព​កម្ពុជា​បានជា​ច្រើន​នាក់​ថែម​ទៀតផង ។

គណៈប្រតិភូ​បាន​ក៏បាន​អញ្ជើញ​ទស្សនាការ​ព្យាបាល​ជំងឺ​ជូន​កងទ័ព​និង​ប្រជាជន របស់​ក្រុម​គ្រូ ពេទ្យ មន្ទីរពេទ្យ​ព្រះ​កេតុមាលា​កម្ពុជា និង​ក្រុម​អ្នកឯកទេស វេជ្ជបណ្ឌិត មកពី​សកល វិទ្យាល័យ វេជ្ជសាស្ត្រ កងទ័ពជើងទឹក សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​ក្រុម​ជំនាញ​ឯកទេស​ពិគ្រោះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ ដោយ​ឥតគិតថ្លៃ​ផងដែរ​។​ការពិគ្រោះ​ពិនិត្យ​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​ទាំងនេះ មាន​រយៈពេល​ចំនួន ៤ ថ្ងៃ​មកហើយ​គឺ ចាប់ពី​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០ ១៨ ដល់​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ នេះ​លើ​មុខ​ជំងឺ​មានដូចជា​៖​ចុះ​ពិគ្រោះ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ ចំនួន ២២​ឯកទេស រួមមាន​ដូចជា ផ្នែក​បេះដូង និង​សរសៃឈាម​, ផ្នែក​សួត​, ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​, ផ្នែក​វះកាត់​ទូទៅ​, ផ្នែក​វះកាត់​ដើម ទ្រូង​-​ផ្នែក​វះកាត់​ឆ្អឹងខ្នង​, ផ្នែក​ប្រព័ន្ធ​ប្រសាទ​, ផ្នែក​តម្រងនោម​, ផ្នែក​ភ្នែក ត្រចៀក ច្រមុះ​និង​បំពង់ក​, ផ្នែក​មាត់​ធ្មេញ​, ផ្នែក​រោគ​ស្ត្រី​, ផ្នែក​រលាក​, ផ្នែក​ជម្ងឺ​កុមារ​, ផ្នែក​សើរ​ស្បែក​, ផ្នែក​ពេទ្យ​បុរាណ​, ផ្នែក​ថ្នាំ សណ្តំ​, ផ្នែក​សង្គ្រោះបន្ទាន់​, ផ្នែក​ជម្ងឺឆ្លង​, ផ្នែក​អេកូ​សាស្ត្រ និង​ផ្នែក​រូបភាព វេជ្ជសាស្ត្រ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ង​ហឺ (WEI FENG HE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដែល​បាន​ពុះពារ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច ពិសេស​ការព្យាបាល​ជំងឺ​ជូន​ដល់​នាយទាហាន ពលទាហាន ព្រមទាំង​ការកសាង អភិវឌ្ឍន៍​មន្ទីរពេទ្យ របស់​ឲ្យ​មានការ​រីកចម្រើន ។ លោក បាន​ថ្លែងថា បច្ចុប្បន្ន​ចិន​និង​កម្ពុជា មាន​ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ នៅលើ​គ្រប់​វិស័យ រួមទាំង​វិស័យសេដ្ឋកិច្ច នយោបាយ និង​វិស័យ​ការពារជាតិ​ផងដែរ ។​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​គូសបញ្ជាក់ថា ចិន​នៅតែ​បន្ត​ការគាំទ្រ​ជា​បន្តទៅ ទៀត​ដល់ ប្រទេស​កម្ពុជា និង ខ​.​ភ​.​ម ក្នុងនោះ​បន្ត​ផ្តល់ជំនួយ​សម្ភារៈ និង​ការហ្វឹកហ្វឺន​ដល់​មន្ទីរពេទ្យ ដើម្បី​មាន សមត្ថភាព​និង​លទ្ធ​គ្រប់គ្រាន់​ក្នុង​កិច្ចការ​ព្យាបាល​កងទ័ព និង​ប្រជាជន​កម្ពុជា ៕​