ចៅក្រម​ចេញ​ដីកាឃុំខ្លួន​អ្នកបើករថយន្ត​តាក់ស៊ី​បើក​បុក​រថយន្ត​សម្តេចក្រុមព្រះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ប្លុង វិសាល បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ស្លាប់ និង សម្ដេចក្រុមព្រះ នរោត្តម រណ្ណ​ប្ញ​ទ្ធិ ព្រមទាំង​មនុស្ស​ច្រើន​នាក់​ទៀត​របួសធ្ងន់ ដាក់ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​។​

​គ្រោះថ្នាក់​ច​រា​រណ៍​នេះ​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មាន ឈ្មោះ ម៉ិ​ល សារ៉េត អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​២ សង្កាត់​១​ក្រុងព្រះសីហនុ​។​

​ភ្លាមៗ​បន្ទាប់ពី​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ប្លុង វិសាល បានចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ អ្នកបើកបរ​រូប​ខាងលើ ក៏​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ នាំខ្លួន​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ក្រោម​ការគ្រប់គ្រង​រប​ស់ម​ន្ត្រី​ពន្ធនាគារ ព្រោះ​ជនបង្ក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ក៏មាន​របួសធ្ងន់​ដែរ​៕​