ភ្នំពេញ ៖ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២៧ វេទិកាសភាអាស៊ីប៉ាស៊ី ហ្វិកនៅខេត្តសៀមរាប ទឹកដីអង្គរ ពីថ្ងៃទី១៣ ដល់ទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទៈ ពង្រឹង ភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ដើម្បីត្រៀមរៀបចំកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងជាប្រធាន គណៈកម្មការរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃសភាអាសុី ប៉ាសុីហ្វិក រសៀលថ្ងៃទី១៩ មិថុនានេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង និងផ្នែកពាក់ព័ន្ធនានា ដោយក្នុងកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិត បានជម្រុញអោយមានកិច្ចសហការខ្ពស់ពីបណ្តាក្រសួង និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាអោយ ការប្រជុំដ៏មានសារសំខាន់ខាងលើទទួលបានជោគជ័យ ដើម្បីមុខមាត់របស់កម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំ។
សូមជម្រាបជូនថា៖ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាសមាជិកពេញសិទ្ធិនៃវេទិកា សភានេះកាលពីឆ្នាំ១៩៩៥។
បច្ចុប្បន្ន វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកនេះតែងមានកិច្ចប្រជុំប្រចាំឆ្នាំជាទៀង ទាត់ ដោយប្រទេសជាសមាជិកផ្លាស់ប្តូរវេណគ្នាធ្វើជាប្រធាន។ កាលពីឆ្នាំ២០១៧ ប្រទេសវៀតណាមធ្វើ ជាប្រធាននៃវេទិកាលើកទី២៦៕
(រូបភាពពីគេហទំព័រ រដ្ឋសភាជាតិ)