ព្រះរាជសុខភាព​សម្ដេច​ក្រុមព្រះ​បាន​ធូរស្រាល ​តែមិនដឹង​ពី​មរណភាព​អ្នក​ម្នាង អ៊ុក ផល្លា ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2018 ក+ ក-

​ភ្នំពេញ ៖ ពិធី​បូជាសព​អ្នក​ម្នាង អ៊ុក ផល្លា នឹងត្រូវ​ប្រារព្ធ​​ឡើង​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា នេះ ប៉ុន្តែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​​ក្នុងមន្ទីរពេទ្យប្រទេសថៃ ​មិនទាន់​បានដឹង​ពី​មរណភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា នៅឡើយ​ទេ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ មេគង្គ ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៩ ខែមិថុនា នេះ​។​

​លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់ថា សម្ដេចក្រុមព្រះ បាន​បាន​រងរបួស​បាក់ឆ្អឹង​ដងកាំបិត ស្រាំ​ឆ្អឹងជំនី និង​បាក់ជើង​ខាងឆ្វេង ហើយ​ត្រូវបាន បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ កាលពី​ម៉ោង ១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៨ ខែមិថុនា​។
​លោក យូ ហុកគ្រី បញ្ជាក់ថា ព្រះរាជសុខភាព​របស់​សម្ដេចក្រុមព្រះ បាន​ធូរស្បើយ​ខ្លះ​ហើយ​។ ខណៈ​នេះ ព្រះរាជបុត្រ (​ព្រះរាជបុត្រ​របស់​សម្ដេច​ក្រុមព្រះ និង​ម្ចាស់​ក្ស​ត្រី ម៉ា​រី​) កំពុង​នៅ​ថែ​សម្ដេចក្រុមព្រះ​ដោយផ្ទាល់ និង​មិន​អនុញ្ញាត​ឲ្យ​មានការ​សួរសុខទុក្ខ​​នោះទេ​។​

​គួររំលឹកថា ថ្មីៗ​នេះ លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល និង​ជាពិសេស​ក្រសួងមហាផ្ទៃ បើក​ការស៊ើបអង្កេត​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា សម្តេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​រងរបួស​ធ្ងន់ធ្ង​រ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ​ពី​ខេត្តកំពត ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ខណៈ​ព្រះអង្គ​យាង​ចូលរួម​ក្នុង​ពី​ធី​ជួបជុំ​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ហ្វុ​ន​ស៊ុន​ប៉ិច នៅ​ក្រុងព្រះសីហនុ​៕