ភ្នំពេញ៖ គ្រោះថ្នាក់ក្រឡាប់រថយន្តនៅស្រុកផាតធុង ខេត្តឈុនបូរី ប្រទេសថៃ បានសម្លាប់ពលករខ្មែរចំនួន ៤នាក់ និងរបួសធ្ងន់-ស្រាល ចំនួន ៨នាក់។នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង នៅល្ងាចថ្ងៃទី២១ ខែមេសានេះ។
លោក កុយ គួង បានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុក្រឡាប់រថយន្ត រហូតស្លាប់នោះ មាន ក្មេង ស្រីពីរនាក់អាយុ ៨ឆ្នាំ និង១០ឆ្នាំ និងពីរនាក់ជាមនុស្សប្រុសវ័យជំទង់។ ដោយឡែក ៨នាក់ទៀត របួសធ្ងន់ ពីរនាក់ និង៦នាក់រងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យក្នុងខេត្ត ឈុនបូរីប្រទេសថៃ ដែលជនរងគ្រោះទាំងអស់នេះ មានស្រុកកំណើតនៅក្នុងខេត្តសៀមរាប។
បើតាមលោក កុយ គួង មន្ត្រីស្ថានទូតខ្មែរ បានទាក់ទងទៅក្រុមគ្រួសារសពរួចរាល់ហើយ ដើម្បីបញ្ជាក់ ថា ត្រូវ បូជាសពនៅក្នុងទឹកដីថៃ ឬត្រូវបញ្ជូនសព ត្រឡប់មកធ្វើពិធីបុណ្យតាមប្រពៃណី នៅស្រុក កំណើត។ ទន្ទឹមនឹងនេះ មន្ត្រីទូត និងកុងស៊ុល របស់ខ្មែរប្រចាំប្រទេសថៃ កំពុងរៀបចំពាក្យបណ្តឹង ទាមទារសំណង ពីជនជាតិថៃ ដែលជាម្ចាស់រថយន្តនោះផងដែរ៕