កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្ស ដើម្បីបញ្ជាក់ពីគោលនយោបាយ និងដំណើរការកំណែទម្រង់នានារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេច បានជំរុញអោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អ អោយបានលឿន និងមានប្រសិទ្ធភាព។
ថ្លែងនៅពិធីជួបសំណេះសំណាល ជាមួយ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង៣ពាន់នាក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមិថុនា នេះ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តខិតខំលើការធ្វើកំណែទម្រង់នៃបញ្ហាសំខាន់ជាច្រើន ដើម្បីអោយការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខមាលភាពល្អ និងមានជីវភាពល្អប្រសើរ។
ជាក់ស្តែង ពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការតំឡើងប្រាក់ខែដល់មន្ត្រីរាជការជាបន្តបន្ទាប់ ហើយ ចាប់ពីឆ្នាំ២០១៩ទៅប្រាក់ខែរបស់មន្ត្រីរាជការនឹងមិនតិចជាង១លានរៀលនោះទេ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានខិតខំធ្វើការកំណែទម្រង់ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
ដើម្បីបន្តកិច្ចការកំណែទម្រង់ទាំងនេះអោយសម្រេចបានប្រកបដោយប្រសិទ្ធភាព សម្ដេចតេជោ បានជម្រុញ អោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អ ត្រូវដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាន អោយបានលឿន និងមានប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលតែងគោរពស្រលាញ់ចំពោះសម្តេចផ្ទាល់ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់រហូតមក។ ដើម្បីបន្តទទួលបានជោគជ័យក្នុងការបោះឆ្នោតអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្តដា ខាងមុខនេះ សម្តេចតេជោ ក៏បានបញ្ជាក់ពីលេខរៀងរបស់ ឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដែលសម្តេចចាត់ទុកថា ជាលេខរៀងដ៏មានអត្ថន័យ ស្របទៅនឹង ខួប២០ឆ្នាំនៃការដាក់ចេញនយោបាយឈ្នះឈ្នះ ដែលបានបង្រួបបង្រួមជាតិ និង ស្វែងរកសន្តិភាពពេញលេញ ឈានដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ននេះតែម្តង។
គួរបញ្ជាក់ថា នាពេលកន្លងមក សម្តេចតេជោ ហ៊ុនសែន ក៏បានថ្លែងបញ្ជាក់ដែរថា ជាចក្ខុវិស័យដ៏រឹងមាំ និងវែងឆ្ងាយ របស់គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជាអ្នកដឹកនាំប្រទេសរយៈពេល៣០ ឬ៤០ឆ្នាំ នោះទេ តែនឹងបន្តដឹកនាំប្រទេស ក្នុងរយៈពេលយូរអង្វែងរហូតទៅ៕