អាជ្ញាធរ​គ្រោង​ដាំ​ដើមឈើ​បន្ថែម​ឲ្យ​ក្រុងភ្នំពេញ​ទៅជា​ទីក្រុង​បៃតង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​បង្កើន​អោយមាន​បរិស្ថាន​បៃតង​កាន់​ច្រើន​នៅ​រាជធានី​ភ្នំពេញ អភិបាល​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​កែលំអរ​សួនច្បារ​និង​គ្រោង​ដាំ​ដើមឈើ​នៅតាម​បណ្តា​ផ្លូវ​នានា​នៅ​រាជធានី ដើម្បីអោយ​បរិយាកាស​បៃតង​ច្រើន​។​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ នា​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា​កំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ មានការ​កើនឡើង​ខ្លាំង ជាពិសេស សំណង់​អគារ​តូចធំ អគារ​ខ្ពស់ៗ បុរី​សំណង់​ផ្សេងៗ មានការ​រីកដុះដាល យ៉ាងច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​។ តែ​ម្ចាស់​អគារ​ទាំងអស់នោះ​មិនបាន​គិតគូរ​អោយមាន​បរិយាកាស​បៃតង​នោះទេ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ផែនការ​ដើម្បី​ដាំ​ដើម​នៅតាម​បណ្តា​ផ្លូវ​នានា ក្នុង​បំណង​អោយ​លំហរ​បៃតង​។​

​មុននឹង​ឈានទៅដល់​ការដាំ​ដើមឈើ​បង្កើត​អោយ​បរិយាកាស​បៃតង​នេះ លោក​អភិបាល​រាជធានី​ក៏បាន​អោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន ត្រូវ​ចុះ​មើល​ពី​ស្ថានភាព​ដើមឈើ​ដែលមាន​ស្រាប់ មាន​អាយុកាល​ជា​យូ​ឆ្នាំ​ហើយ ថា​តើ​អាច​បន្ត​ទុក​នៅ​បន្ត ឬ​ត្រូវ​ដក​ឬ​កាប់​ចេញ ដោយសារ​មាន​ដើមឈើ​ខ្លះ​មាន​អាយុកាល​ប្រមាណ​ជាង​១០០​ឆ្នាំ​ក៏មានដែរ ដើម្បី​ជៀសវាង​ការដួលរលំ​មកលើ​លំនៅដ្ឋាន ឬ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​។​

​លោក ឃួ​ង ស្រេង បានអោយ​មន្ទីរ​ពាក់ព័ន្ធ ត្រូវធ្វើ​ការ​ថែ​បំ​ប៉ម ឫ​ក៏​រៀបចំ​គិតគូ​ដាក់​ជី​បំ​ប៉ម​សុភាព​ដើមឈើ​ឲ្យ​មាន​ភាពប្រសើរ និង​ត្រូវ​កាប់​រះ​មែក​ចេញ ដើម្បី​ឲ្យ​មែក​ដែល​ពុកផុយ ដោយសារ​នៅ​រដូវ​ស្សា តែងតែមាន​ខ្យល់​ភ្លៀង​កន្ត្រាក់​។ ចំណែក​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានដឹង​ដែរ​ថា​រដ្ឋបាល​រាជធានី គិតគូ​ពង្រីក​និង​ដាំ​បន្ថែម​នូវ​តំបន់​បៃតង ឬ​លំហរ​បៃតង ឲ្យ​មាន​ច្រើន​ថែមទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ស្របតាម​ផែនការ​មាន​ស្រាប់​។

លោក​បន្តថា ការដាំ​ដើមឈើ​អោយមាន​បរិស្ថាន​បៃតង​នេះ ដើម្បី​បង្កើន​សោ​ភណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ ស្រប​ជាមួយនឹង​សំណង់​អាគារ​ដែល​ធំ​ស្កឹមស្កៃ​ដែលមាន​ស្រាប់ ហើយ​យើង​ត្រូវ​ដឹងថា​ដើមឈើ​គឺ​បង្កើត​ឧកស៊ីសែន​នៅពេល​ថ្ងៃ វា​ជា​ចំណែក​មួយ​សំរាប់​ផ្តល់​ឲ្យ​មនុស្ស សត្វ​ដែលមាន​ជីវិត​ទាំងអស់ ហើយ​វា​ស្រូប​ទៅវិញ​នូវ​ឧស្ម័ន​ជាតិពុល​ផ្សេងៗ ដែល​កើតចេញពី​ផ្សែង​ឧស្សាហ៍កម្ម និង​ម៉ូតូ​រថយន្ត​ផងដែរ​នៅក្នុង​រាជធានី​ភ្នំពេញ​៕​