ពោធិ៍សាត់ ៖ «សំសាន្ត» គឺជាឈ្មោះស្រុកថ្មីមួយដែលអាជ្ញាធរខេត្តពោធិសាត់ នឹងបង្កើតឡើងនៅឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមកាតអះអាងបញ្ជាក់ពីអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន។
អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានឲ្យដឹងថា ខេត្ត ពោធិ៍សាត់នឹងមានស្រុកថ្មីមួយបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល ដោះស្រាយសំណូមពរ និងពិភាក្សាការបង្កើតស្រុកថ្មី ជាមួយគ្រួសារប្រជាពលរដ្ឋ ទូទាំងឃុំតាលោ ជិត៣ពាន់នាក់ ដោយមានការចូលរួមពីសំណាក់តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរនានា អាជ្ញាធរស្រុក និងមន្ត្រីមូលដ្ឋានយ៉ាងច្រើនកុះករកាលពីម្សិលម៉ិញនេះ។
លោកបន្តថា ស្រុកថ្មីដែលនឹងបង្កើតឡើងនេះមានឈ្មោះថា “ស្រុកសំសាន្ត”។នៅពេលដែលស្រុកនេះ បានបង្កើតចេញជារូបរាងហើយនោះ វា នឹងក្លាយជាស្រុកបង្អែកមួយ បន្ទាប់ពីទីក្រុងពោធិ៍សាត់ ដែលអាចជួយសម្រួល ដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែជិត កាន់តែលឿន មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
លោក អភិបាលខេត្ត បន្តថា ដោយយល់ឃើញថា ឃុំតាលោ មានលក្ខណៈភូមិសាស្ត្រល្អ ប៉ុន្តែមានចម្ងាយឆ្ងាយពីទីរួមស្រុកបាកាន ពិបាកក្នុងការធ្វើដំណើរមកទទួលសេវាសាធារណៈ។ ឯកឧត្តមក៏បានសុំការឯកភាព ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃសម្ពោធអាគាររដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់ កាលពីពាក់កណ្តាលខែសីហាកន្លងទៅ។
សម្តេចក្រឡាហោមក៏បានឯកភាពតាមការស្នើសុំ ឲ្យបង្កើតស្រុកថ្មីមួយ ដែលប្រជាពលរដ្ឋបានសម្រេចឲ្យប្រើឈ្មោះថា “ស្រុកសំសាន្ត” ។ ឯកឧត្តមបានបន្ថែមទៀតថា ក្រោយប្រជុំពិភាក្សាគ្នាហើយនោះ លោកនឹងចាត់ឲ្យលោកអភិបាលរងខេត្ត ២រូប សហការជាមួយជំនាញ ចុះសិក្សាប្លង់ពីលើអាកាស និងប្លង់ខាងក្រោម នៅលើផ្ទៃដីគ្រោងសាងសង់តំបន់រដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា ជិត១០០ហិកតា។
លោក ម៉ៅ ធនិន ក៏បានលើកឡើងពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ក្នុងទឹកដីខេត្តពោធិ៍សាត់ ព្រមទាំងបានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕