ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំ មន្ត្រីពាក់ព័ន្ធ ភ្នាក់ងារប្រមូលសំអាតសំរាម និងអាជ្ញាធរសង្កាត់ ខ័ណ្ឌ ទាំងអស់មកប្រជុំ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ ដើម្បីពង្រឹងលើការងារប្រមូលសំរាម នៅតាមបណ្តារសង្កាត់ទូទាំងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យមានបរិស្ថានល្អ ធានាបានថា រាជធានីភ្នំពេញមានសោភណ្ឌភាព ស្អាតល្អ សក្តិសមជាទីក្រុងទាន់សម័យនៅអាស៊ីអាគ្នេយ៍។
នាឱកាសនោះ លោក ឃួង ស្រេងបានជម្រុញឱ្យភ្នាក់ងារប្រមូលសំរាម ថ្នាក់ដឹកនាំ សង្កាត់ ខណ្ឌ ទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត លើការពង្រឹងការងារប្រមូលសំរាមឱ្យបានគ្រប់ទីកន្លែង នៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង តាមរយៈការតាមមើលជាប្រចាំ ថាតើនៅទីតាំងណា មានសំរាមគរចោល ដែលក្រុមហ៊ុនស៊ិនទ្រី មិនបានទៅដឹកជញ្ជូន ហើយរាយការណ៍តាមរចនាសម្ព័ន្ធមករដ្ឋបាលរាជធានីភ្នំពេញ ចាត់ការទៅក្រុមហ៊ុន ដើម្បីឱ្យទៅប្រមូលសំរាមទាំងនោះឱ្យបានទាន់ពេលវេលា ចៀលវៀងទុកសំរាមឱ្យនៅគរចោលស្អុយរលួយ ធ្វើឱ្យប៉ះពាល់បរិស្ថាន អនាម័យ និងសោភណ្ឌភាព ក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា។
លោក អភិបាល បានលើកឡើងទៀតថា រដ្ឋបាលរាជធានី នឹងធ្វើឡដុតសំរាម នៅតាមតំបន់ជាយក្រុងមួយចំនួន ពិសេសទីតាំងណា ដែលរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ទៅមិនដល់ ដើម្បីកុំឱ្យមានសំរាមរាយប៉ាយ និងគរចោលកាន់តែច្រើនឡើងៗ។
ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេងបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ នឹងចាត់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះរថយន្តដឹកដី ដឹកខ្សាច់ ដែលបង្ករឱ្យមានជ្រុះរាយប៉ាយតាមដងផ្លូវ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និង ប៉ះពាល់សុខភាព សោភណ្ឌភាពក្នុងរាជធានីភ្នំពេញ។
ទន្ទឹមគ្នានោះដែរ លោក បានមើលឃើញថា ការដាក់របាំងថ្មពុះចែកទ្រូងផ្លូវ ក្នុងរាជធានីភ្នំពេញ មានលក្ខណៈខុសបច្ចេកទេស ដែលទាមទារឱ្យមានការកែសម្រួលឡើងវិញ គឺកាត់ឱ្យមានចន្លោះខាងក្រោមឱ្យបានធំជាងនេះ ដើម្បីឱ្យទឹកអាចហូរចេញចូលនាំយកសំរាម និងដីចេញពីទ្រូងផ្លូវកុំឱ្យទៅកកនៅកណ្តាលទ្រូងផ្លូវតទៅទៀត។ ក្រៅពីនេះ ក៏បានស្នើឱ្យ អាជ្ញាធរសង្កាត់ ខណ្ឌ សហការជាមួយក្រុមហ៊ុនស៊ិនទ្រី មានយុទ្ធនាការ បោសកើប ឬប្រមូលដី និងខ្សាច់ទាំងនោះចេញឱ្យបានជាប្រចាំ។
ទាក់ទិននឹងការរំលោភយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម របស់ប្រជាជនពលរដ្ឋវិញ ក៏ត្រូវតែមានវិធានជាប្រចាំផងដែរ កុំគិតថា ការធ្វើរដ្ឋបាលតាមមូលដ្ឋាន វានាំឱ្យមានផលប៉ះពាល់ ឬ ដោនភាពដល់ ការបោះឆ្នោត ត្រូវរួមគ្នាគិតពីបញ្ហាសោភណ្ឌភាព និងសណ្តាប់សាធារណៈក្នុងរាជធានីភ្នំពេញ ជារឿងសំខាន់សំរាប់យើងទាំងអស់គ្នា៕