ភ្នំពេញ៖លោក ថោង សារ៉ាត់ ដែលកំពុងជាប់ឃុំពីបទចោទប្រកាន់ផ្ដួចផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុនគ្រោងស្នើសុំឲ្យតុលាការកោះហៅអ្នកដែលឆ្លើយដាក់រូបលោកថាជាអ្នក នៅពីក្រោយការសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ឲ្យចូលឆ្លើយបំភ្លឺទល់មុខគ្នា និងបង្ហាញភស្តុតាងក្នុងសវនាការ ។
មេធាវីការពារក្ដីឲ្យលោក ថោង សារ៉ាត់ បានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកបានជួបកូនក្ដីរបស់លោកនៅក្នុងពន្ធនាគារ ហើយលោកថោង សារ៉ាត់ បានប្រាប់ឲ្យលោកស្នើទៅតុលាការសុំឲ្យកោះហៅអ្នកដែលបានចោទប្រកាន់ រូបលោកឲ្យចូលមកបំភ្លឺតទល់ជាមួយលោកនៅក្នុងសវនាការ និងបង្ហាញភស្តុតាងជាក់លាក់ដែលបានឆ្លើយដាក់រូបលោក ។ ទោះយ៉ាងណា លោកមេធាវីបានអះអាងថា លោកពុំទាន់បានកំណត់ពេលច្បាស់លាស់ដើម្បីស្នើទៅតុលាការពាក់ព័ន្ធនឹងការលើកឡើងនេះទេ ។
យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌចែងថា ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយចេតនាគិតទុកជាមុន ឬដោយការពួនស្ទាក់។ ឃាតកម្មគិតទុកជាមុន ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
គួររំលឹកថា លោក ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការ ដោយចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ តាមមាត្រា២៨និង២០០ នៃក្រមព្រហ្មទណ្ឌ បើសិនជាតុលាការរកឃើញដូចការចោទប្រកាន់មែននោះ លោក ថោង សារ៉ាត់ អាចប្រឈមមុខនឹងការជាប់ពន្ឋនាគារអស់មួយជីវិត។ឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលវេលាម៉ោងជាង ៧ យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើមួយកន្លែងក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបាន តុលាការដាក់បន្ទុកលើលោក ថោង សារ៉ាត់ ពាក់ព័ន្ឋនឹងការបញ្ជាឲ្យអង្គរក្សរបស់ខ្លួនបាញ់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ៕