ភ្នំពេញ ៖ ទីបញ្ជាការដ្ឋានអង្គរក្ស ដែលមានមូលដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល បានជូនដំណឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ ដល់សមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ៥ និងអាជ្ញាធររាជ ធានីភ្នំពេញ និងខេត្តកណ្តាល ថា ខ្លួននឹងធ្វើការចល័តកម្លាំង និងយោធបរិក្ខារ ចេញពីទីបញ្ជាការអង្គរក្ស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តបាត់ដំបង សម្រាប់ចូលរួមក្នុងពិធីព្យុហយាត្រា នៅទីបញ្ជាការយោធភូមិភាគទី៥ មានមូលដ្ឋាននៅទីរួមខេត្តបាត់ដំបង។
សូមជម្រាបថា ពិធីនេះ ធ្វើឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃកំណើតយោធភូមិភាគទី៥ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។ ក្រោយពីបញ្ចប់កម្មវិធីនេះ កម្លាំង និងយោធបរិក្ខារ នឹងត្រូវចល័តមកទីបញ្ជាការអង្គរក្ស នៅតាខ្មៅ ខេត្តកណ្តាល វិញ។
ជាមួយគ្នានេះ បញ្ជាការដ្ឋានអង្គរក្ស ក៏បានអំពាវនាវផងដែរ ឱ្យអាជ្ញាធរពាក់ព័ន្ធaខាងលើនេះ ផ្សព្វផ្សាយដល់ពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៥ កុំឱ្យមានការភ្ញាក់ផ្អើល និងស្នើឱ្យជួយបង្កលក្ខណៈងាយស្រួល ដល់ការចល័តកម្លាំង និងយោធបរិក្ខារនេះផងដែរ កុំឱ្យមានការភ្ញាក់ផ្អើល ជាពិសេស ក្រែងមានជនអគតិមួយចំនួនយកទៅឃោសនាបំភាន់ ខុសពីការពិត៕