ភ្នំពេញ៖ កាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី២១ ខែមេសានេះ ព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ បានចេញដីកាសម្រេចផ្លាស់ប្តូរការឃុំខ្លួនជនត្រូវចោទឈ្មោះ ឌួង ឧត្តមឆវិន ហៅឆាយ ពីពន្ធនាគារប៉េហ្សី ទៅដាក់នៅពន្ធនាគារព្រៃ.សវិញ។
ប្រពភពីមន្ត្រីពន្ធនាគារ បានឲ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទីថ្ងៃទី២១ ខែមេសានេះ ពន្ធនាគារប៉េហ្សីបានទទួលដីកាសម្រច១ច្បាប់ចេញ ដោយលោកស្រី ស៊ឺ វន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាទៅប្រធានពន្ធនាគារប៉េហ្សី ឲ្យនាំខ្លួនឈ្មោះឌួង ឧត្តមឆវិន ហៅឆាយ ទៅដាក់ពន្ធនាគារព្រៃ.សវិញ ។
ការសម្រចផ្លាស់ប្តូរពន្ធនាគារឃុំខ្លួនឈ្មោះឌួង ឧត្តមឆវិន ហៅឆាយ ត្រូវបានធ្វើឱ្យរសើបដល់មន្ត្រីគ្រប់គ្រងពន្ធនាគារផង និងដល់ ចៅក្រមដែលសម្រេចឃុំខ្លួនឈ្មោះឌួង ឧត្តមឆវិន ហៅឆាយ នោះផង ព្រោះមិនមែនជារឿងធម្មតាទេ ហើយក៏កម្រមានទៅទៀតផង។
គួររំលឹកថា ឈ្មោះឌួង ឧត្តមឆវិន ហៅឌួង ឆាយ អាយុ២៧ឆ្នាំ ជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ១៥B ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ នៅចំណុចហាងចាក់សាក់ RSD2 ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពេលជននេះបានបង្កការវាយតប់ទៅលើឈ្មោះទ្រី ដាលុច ភេទប្រុស អាយុ២១ឆ្នាំ ជាកូនប្រុសរបស់លោកឧកញ៉ាទ្រី ភាព។
ក្រោយចាប់ខ្លួនសមត្ថកិច្ចអាវុធហត្ថបានបញ្ជូនឈ្មោះឌួង ឧត្តមឆវិន ហៅឌួង ឆាយ មកកាន់តុលាការនៅថ្ងៃទី១៤ ខែមេសា ហើយត្រូវលោកព្រះរាជអាជ្ញា កុល បុណ្យ សម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបទគំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ តាមបញ្ញតិ្តមាត្រា២១៧ មាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់មកសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅឲ្យចៅក្រមស៊ើបអង្កេតចាត់ការបន្តតាមនីតិវិធី។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ លោកចៅក្រម ហេង កេសរោ ដែលទទួលបន្ទុកស៊ើបសួររឿងក្តីនេះបានសម្រេចចេញដីកាឃុំខ្លួន ឈ្មោះឌួង ឧត្តមឆវិន ហៅឌួង ឆាយ ដាក់ពន្ធនាគារប៉េហ្ស៊ីក្រុងភ្នំពេញ។
ការឃុំខ្លួនជនជាប់ចោទឈ្មោះឌួង ឧត្តមឆវិន ទើបតែបាន៦ថ្ងៃប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ ក៏បានចេញលិខិតបង្គាប់ឲ្យផ្ទេរការឃុំខ្លួនទណ្ឌិតជនឈ្មោះឌួង ឧត្តមឆវិន ពីពន្ធនាគារប៉េហ្ស៊ីទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ។
សូមរំលឹកផងដែរថា រហូតមកដល់ពេលនេះជនជាប់ចោទឈ្មោះឌួង ឧត្តមឆវិន ហៅឌួង ឆាយ កូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប ត្រូវបានតុលាការផ្តន្ទាទោស២បទល្មើសផ្សេងគ្នាកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣។
បទល្មើសទី១ដែលតុលាការបានសម្រេចផ្ដន្ទាទោស ឈ្មោះឌួង ឧត្តមឆវិន ហៅឌួង ឆាយ គឺបទប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីនៅចំណុចផ្សារថ្មី៣ ខណ្ឌដូនពេញ កើតហេតុនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១១ ហើយត្រូវបានលោកចៅក្រមសួស សំអាត កាត់ទោសនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២សម្រេចដាក់ពន្ធនាគារ១០ខែ។
បទល្មើសទី២ គឺករណីប្រើប្រាស់អាវុធខុសច្បាប់ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ នៅហាងបបរកង្កែបបណ្ដាលឲ្យឈ្មោះមុំ ឌីណា រងរបួសធ្ងន់ធ្ងរ។ករណីនេះត្រូវបានលោកចៅក្រមសេង នាង កាត់ទោសនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ៦ខែ។
ក្រោយមកជនជាប់ចោទបានប្ដឹងឧទ្ធរណ៍ក៏ស្រាប់តែត្រូវចៅក្រមសាលា ឧទ្ធរណ៍ឈ្មោះធូ មុន្នី កាត់ទោសតម្រឹមមកនៅត្រឹម៤ខែវិញ ហើយជនជាប់ចោទក៏រួចខ្លួនតាំងពីពេលនោះមក៕