ភ្នំពេញ ៖ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានអញ្ជើញជួបសំណេះ សំណាល ជាមួយប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ សរុបចំនួន៤៧៣នាក់ ព្រមទាំងចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺតាមខ្នងផ្ទះ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ។
លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា បងប្អូនស្រលាញ់សន្តិភាព ដូច្នេះត្រូវការពារសន្តិភាព អោយបានគង់វង្ស ព្រោះថា សន្តិភាពនេះ គឺមិនមានបរទេសណាលើកយកមកឱ្យកម្ពុជានោះទេ គឺមានតែកិច្ចខិតខំប្រឹងប្រែងបូជាសាច់ស្រស់ឈាមស្រស់របស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះដើម្បីឱ្យសន្តិភាពនៅគង់វង់យូអង្វែងបានទាល់តែទាំងអស់គ្នារួមគ្នាការពារ ដូចដែលស្ថាបនិកសន្តិភាព គឺ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឈ្លាសវៃ ដែលបានដាក់ចេញនូវយុទ្ធសាស្ដ្រ ឈ្នះឈ្នះ ធ្វើឲ្យគ្រប់ភាគីខ្មែរទាំងអស់បានត្រូវរ៉ូវគ្នា និងបានផ្លាស់ប្ដូរកម្ពុជា ពីសមរភូមិ នៃសង្គ្រាមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដីទៅជាប្រជាជាតិមួយ ដែលមានសុខសន្ដិភាព សេរីភាព ឯកភាព ស្ថេរភាព អភិវឌ្ឍន៍ លើគ្រប់វិស័យ ហើយជីវភាពប្រជាជនត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់។
លោក ម៉ម ប៊ុននាង បានបន្តថា ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្មួយៗ បងប្អូនកម្មករ កម្មការនី និងមន្ត្រីរាជការ ត្រូវបានតំឡើងប្រាក់បៀវត្ស ប្រាក់ឈ្នួលជាបន្តបន្ទាប់។ ទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបមានអ្នកវិនិយោគទុនមកបណ្តាក់ទុននៅ ប្រទេសយើងកាន់ តែច្រើន។
លោក ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រ មរណភាព ។ល។
មន្ត្រីអនុវត្តន៍ការងារទាំងអស់មិនត្រូវទារលុយបន្ថែមពីប្រជាពលរដ្ឋនោះទេ តែជំនួស វិញគឺត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងឱ្យបានលឿនរហ័ស ទើបអាចឆ្លើយ តបទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។
លោក ម៉ម ប៊ុននាង ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកគៀនស្វាយ ត្រូវត្រៀមឯកសារសម្រាប់ ការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណព័ត៌មានដែលផ្តល់ដោយគណៈកម្មការ ជាតិរៀបចំការបោះឆ្នោត និងលិខិតពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើស តាំងតំណាង រាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។
លោក ម៉ម ប៊ុននាង បាននាំថវិកាចែកជូនប្រជាពលរដ្ឋចំនួននាក់៤៧៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ព្រមទាំងបានផ្តល់ថវិកាធ្វើអណ្តូងស្នប់ចំនួន០១ចំណាយថវិកាអស់៨០០,០០០រៀល ដែល ចំណាយ ថវិកាសរុបចំនួន១២.៧១០.០០០ រៀល(ដប់ពីរលាន៧សែន១ម៉ឺនរៀល)។
ក្រោយពីជួបសំណេះសំណាលរួចមក ឯកឧត្តម ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ អ្នកជំងឺនៅតាមខ្នងផ្ទះចំនួន ៤គ្រួសារ ក្នុងភូមិព្រែកតានប់ ភូមិព្រែកដូង ភូមិព្រែកដូង២ និងភូមិកំពង់ស្វាយ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រមទាំងបាននាំយកថវិកាមកជូនដល់អ្នកជំងឺចំនួន ០៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ២០០,០០០រៀល(ពីរសែនរៀល) ព្រមទាំងឧបត្ថម្ភ ថវិកាចំនួន ១០០,០០០រៀល ដល់ប្រជាកាពារភូមិ និងចូលរួមរំលែកទុក្ខគ្រួសារសព ចំនួនពីរគ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានថវិកា២២០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ១,៤៤០,០០០រៀល (១លាន៤សែន៤ម៉ឺនរៀល)៕