ខេត្តបាត់ដំបង ៖ ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងចល័តក្រសួង សហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូន ព្រមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តបាត់ដំបងបានបន្តឆ្មក់ឃាត់ថ្លឹងរថយន្តដឹកទំនិញធុនធំប្រភេទយីឌុបចំនួន៣០គ្រឿងក្នុងនោះរកឃើញផ្ទុកលើសទម្ងន់ចំនួន១៥គ្រឿង។
ក្នុងយុទ្ធនាការខាងលើនេះដែរបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រ២៦០+២០០ ស្ថិតក្នុងភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ដឹកនាំដោយ ឯកឧត្ដម សេង ឈួន អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
យោងតាមមន្ត្រីអនុវតនៅទីនោះបានប្រាប់អោយដឹងថាក្នុងយុទ្ធនាការរយះពេលពេញមួយថ្ងៃម្សិលមិញនេះ កម្លាំងមន្ត្រីជំនាញបានឃាត់ថ្លឹងរថយន្តធុនធំប្រភេទយីឌុបចំនួន៣០គ្រឿងក្នុងនោះរកឃើញរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ចំនួន១៥គ្រឿងបានធ្វើការផាកពិន័យនៅនិងកន្លែង១៣គ្រឿង ម្ចាស់មិនទាន់ចូលខ្លួនបង់ចំនួន២គ្រឿងនិងអនុញ្ញាតអោយត្រឡប់ទៅវិញចំនួន១៥គ្រឿងដោយមើលឃើញល្មើសទម្ងន់តិចតួច។
មន្ត្រីដដែលបានបញ្ជាក់អោយដឹងទៀតថា រថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ទាំង១៥គ្រឿងក្រោយពីថ្លឹងរួចបានឃើញលើសក្នុង១គ្រឿងចាប់ពី១០តោនទៅជាង៣០តោនដោយធ្វើការផាកពិន័យអនុវត្តទៅតាមច្បាប់កំណត់ក្នុង១តោនពិន័យជាទឹកប្រាក់៣០ម៉ឺនរៀលនិងសាងទំលាក់ទំនិញចេញអោយនៅសល់ត្រឹមត្រូវទៅតាមប្រភេទរថយន្តដែលច្បាប់បានកំណត់ផងដែរ។
ដោយលែករថយន្តល្មើសទម្ងន់ចំនួន៤គ្រឿងផ្សេងទៀតម្ចាស់ទុកចោលមិនសហការជាមួយក្រុមកាងារថ្នាក់ជាតិមន្ត្រីជំនាញបានប្រគល់អោយទៅខាងសមត្ថកិច្ចរក្សាទុកដើម្បីអោយម្ចាស់ចូលខ្លួនមកដោះស្រាយ តែបើសិនជាម្ចាស់មិនចូលខ្លួនមកដោះស្រាយទេនិងមានវិធានការចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ដែរថា មន្ត្រីស្ថានីយ៍ជញ្ជីងចល័តចុះអនុវត្តច្បាប់ទៅលើរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ធ្វើឡើងដើម្បីរួមចំណែកកាត់បន្ថយការខូចខាតផ្លូវថ្នល់ផង និងរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផង ដូច្នេះសូមអោយបងប្អូនដែលជាម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា៕ សុ ផល