ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ថ្មី​ប្រចាំ​កម្ពុជា​សន្យា​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​មក​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា ឯ​.​ឧ ដឺ​មែន ហា​សែង បាន​ប្តេជ្ញាចិត្ត ចំពោះ​សម្តេច​តេ​ជោ ថា ឯកឧត្តម​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើយ៉ាងណា ជម្រុញ​ទំនាក់ទំនង​នេះ តាមរយៈ​ការសហការ​យ៉ាង​ស្និតរ​មួ​ត​រវាង​កម្ពុជា​និង​ឥណ្ឌូនេស៊ី ឲ្យ​បាន​ឈានទៅដល់​កម្រិត​ខ្ពស់ មួយ​ថែមទៀត​។
​ឯ​.​ឧ​. បាន​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ និង​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ម្សិលមិញ​នេះ​។​

​ឯ​.​ឧ មន្ត្រីការទូត​រូបនេះ បាន​សន្យាថា​ខិតខំ​ជម្រុញ​ការហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ដែល មាន បំណង​ចង់​បើក​ការហោះហើរ​ត្រង់ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​ឆាប់រហ័ស ដើម្បី ឲ្យ​មាន​ទំនាក់ទំនង រវាង​ប្រជាជន​និង​ប្រជាជន កាន់តែខ្លាំង​ឡើង​។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ គឺមាន​ភាពល្អ​ណាស់ ខណៈ​ឆ្នាំ​២០១៨​នេះ​គឺជា​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​ពិនិត្យមើល សកម្មភាព​ផ្សេងៗ ដើម្បី​ធ្វើ​រួមគ្នា ឆ្លុះបញ្ចាំង​ទំនាក់ទំនង​៦០​ឆ្នាំ ដែល​ប្រទេស​ទាំងពីរ​មាន​កន្លងមកនេះ​។​

​សម្តេច​បាន​ជម្រាបជូន​ឯកឧត្តម ស៊ូ​ដឺ​មែន​ផងដែរ​ថា ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម ទេសចរណ៍ គឺមាន​សារៈសំខាន់​ណាស់ ដូច្នោះ​សម្តេច​បាន​លើកទឹកចិត្ត អោយ​ឯកឧត្តម​ឯកអគ្គ រដ្ឋទូត ពិនិត្យមើល​លើ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទាំងនេះ និង​វិស័យ​ផ្សេងៗ​ទៀត ដែល​អាចជា​លទ្ធភាព ដើម្បី​ជម្រុញ​នូវ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​។​

​ពាក់ព័ន្ធ​នឹង​ការហោះហើរ​ត្រង់ សម្តេច​បាន​សម្តែង​នូវ​ការអបអរសាទរ ហើយ​បាន​មាន ប្រសាសន៍ថា វា​គឺជា​ជ្រុង​មួយ​នៃ​លទ្ធភាព ក្នុងការ​ពង្រីក​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​បន្ថែម ទៀត ៕​