ប៉ោយប៉ែត ៖ ល្បែងភ្នាល់ស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិក នៅក្រុងប៉ោយប៉ែត កំពុងកើតមានគួរឲ្យបារម្ភ ខណៈដែលសេវាកម្មល្បែងទាំងនេះ បានជ្រកក្រោមស្លាក អ៊ិនធីណេត ២៤ម៉ោង ដែលគេដឹងថា មួយចំនួនជាកម្មសិទ្ធរបស់មន្ត្រីមានអំណាចនៅពីក្រោយខ្នង។
មន្ត្រីមូលដ្ឋានមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ថា ល្បែងស៊ីសងទាំងនោះ មានម្ចាស់សុទ្ទសឹងជាមន្ត្រីរាជការ និងសមត្ថកិច្ចដែលមានអំណាចនៅក្នុងទីក្រុងនេះ ជាក់ស្ដែង ដូចជាទីតាំង បើកល្បែងមួយកន្លែងត្រូវបានដែលក្មេងៗបោះបង់ការសិក្សាលួចចូលលេងពពាក់ពពូនរាល់ថ្ងៃ។ទីតាំងនោះមានម្ចាស់ឈ្មោះ ធី ដើមពោធិ៍ ជាមន្ត្រីយោធានៅក្រុងប៉ោយប៉ែត។
ប្រភពដដែលបន្តថា បច្ចុប្បន្ន នៅតាមអាគារធំៗ ដែលដាក់ប៉ាយថាជា កាស៊ីណូ មានជិត ២០កន្លែង នេះមិនទាន់គិតទាំងទីតាំងបើកហ្គេម និងល្បែងភ្នាល់ តាមអនឡាញ ខុសច្បាប់ ដែលជ្រកក្រោមស្លាក កាស៊ីណូ តូចៗរាប់សិបកន្លែងទៀតនោះផងទេ។ ប្រភពបន្តថា នៅចំណុចរង្វង់មូលច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត សព្វថ្ងៃនេះ មានសណ្ឋាគារចំនួន៤ ដែលបើកល្បែងស៊ីសងខុសច្បាប់ កៀងគរឲ្យពលរដ្ឋខ្មែរចូលលេង យ៉ាងគគ្រឹកគគ្រេងដោយជ្រកក្រោមស្លាក កាស៊ីណូ ដើម្បីនំភាន់ភ្នែកសាធារណជន ។ ក្រៅពីនោះ ក៏នៅមានកន្លែងល្បែងហ្គេម និងល្បែងភ្នាល់តាម អនឡាញ ជាច្រើនទីតាំងទៀត មានដូចជា៖ ទី១ ៖ ល្បែង អនឡាញ នៅចំណុចផ្លូវ ដើមពុទ្ទ្រា នៅក្បែរហាងនំបុ័ង កៅកៃ ប្រហែល៣០ម៉ែត្រ ទល់មុខនឹងហាង មីប្រេនហឹរ ឬទល់មុខ ប្រេនរោងកុន ស្ថិតក្នុង ភូមិក្បាលស្ពាន ជាកម្មសិទ្ធរបស់ថៅកែឈ្មោះ រស់ សាហាន ជាមន្ត្រីប៉េអឹម។ទីតាំងហ្គេម ទី២ ស្ថិតនៅខាងកើតស្តង់ជ្រូក ប្រហែល១០០ ម៉ែត្រ ទល់មុខហាង «រដ្ឋា អ៊ុតសក់ » ស្ថិតក្នុងភូមិបាលិលេយ្យ២ ។ ទីតាំង អនឡាញ ទី៣ ស្ថិតនៅជិតសាលារៀន ហូបប្រែន ស្ថិតក្នុងភូមិក្បាលស្ពាន២ មានថៅកែឈ្មោះ ធី ដើមពោធិ៍ ជាមន្ត្រីយោធា។
ប្រភពដដែលបន្តទៀតថា ល្បែងទាំងអស់នេះ ត្រូវគេរិះគន់តៗគ្នាថា មានលោកមេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ជាអ្នកនៅពីក្រោយ។
ចំណែកទីតាំងអនឡាញ ទី៤មាន យីហោ «Maxbet 988.com. AEC »ប្តូរប្រាក់ នៅលើកំណាត់ផ្លូវដើមពុទ្ទ្រា ឬហៅថាផ្សាររាត្រី។
សូមជម្រាបថា កន្លងមក ប្រជាពលរដ្ឋជាច្រើន បាននិយាយរិះគន់កប់ៗមាត់ ចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងប្រដាប់អាវុធមួយចំនួន បានប្រើប្រាស់អំណាចក្នុងជួររដ្ឋាភិបាលលួចបើកបនល្បែងស៊ីសង ឬក៏ឈរឈ្មោះកាងជាថ្នូរនឹងប្រាក់សំណូក ឬចែកភាគផលដោយមិនចាំបាច់ដាក់ភាគហ៊ុន។
ដោយសារតែបនល្បែងនៅជ្រកក្រោមអំណាចរបស់មន្ត្រីរដ្ឋាភិបាលដូចន្នេះហើយ ទើបអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចថ្នាក់ក្រោមមិនហ៊ានចុះបង្ក្រាបទេ ហើយបើបានទៅទីនោះ គឺទៅសុំតែលុយថ្លៃកាហ្វេខ្មៅប៉ុណ្ណោះ ព្រោះខ្លាចថ្នាក់លើដែលស្និទ្ធនឹងថៅកែល្បែងដឹង គេហៅទៅអប់រំ ឬដកបញ្ឈរជើងលេង។
គួរជម្រាបផងដែរថា សព្វថ្ងៃនេះ នៅក្នុងទីតាំងល្បែងស៊ីសងនីមួយៗ គេសង្កេតឃើញពោរពេញទៅដោយក្មេងៗដែលមួយចំនួនលបលួច ចែកចាយ និងប្រើប្រាស់នូវសារធាតុញឿន ក្នុងនោះក៏មានក្មេងៗសិស្សគេចសាលាផងដែរ។
កន្លងទៅថ្មីនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវអោយបងប្អួនទាំងអស់កុំនាំគ្នាទៅលេងការភ្នាល់តាមរយៈការចាក់បាល់ និងហ្គេមអនឡាញផ្សេងៗទៀត ខណៈរដូវកាល វលខាប់(World Cup) បានខិតចូលមកដល់ ហើយហាមដាច់ខាតកុំយកលុយ មាស ឬរបស់របរមានតម្លៃទៅភ្នាល់ចាក់បាល់អោយសោះ និងចាត់ទុកការទាត់បាល់ដែលស្ថិតតក្នុងរដូវ World Cup នេះ គ្រានតែជាកីឡាទុកទស្សនាកម្សាន្តប៉ុណ្ណោះ។
ទាក់ទននឹងបញ្ហាល្បែងស៊ីសងខុសច្បាប់នៅក្រុងប៉ោយប៉ែត ដែលត្រូវបានប្រជាពលរដ្ឋរិះគន់ដូចខាងលើនេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនទាន់ទទួលបានការពន្យល់ពីលោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតនៅឡើយទេ ដោយសារទូរស័ព្ទលោកមិនអាចភ្ជាប់ប្រព័ន្ធបាន កាលពីរសៀលថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះ៕