ភ្នំពេញ ៖ បុរសជាប្តី បានឌុបប្រពន្ធធ្វើដំណើរបំណងនាំគ្នាទៅលេងស្រុកកំណើត តែបែរជា អកុសល ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយសារទាក់ដៃម៉ូតូរបស់ខ្លួនជាមួយនឹងម៉ូតូកង់បី បណ្តាលឲ្យធ្លាក់ស្ត្រីប្រពន្ធ ហើយត្រូវរថយន្តសាធារណៈក្រុងដឹកអ្នកដំណើរមកពីក្រោយ បុកកិន ចំក្បាលបណ្តាលអោយស្លាប់ភ្លាមៗ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង។ ហេតុការណ៍នេះ បាន កើតឡើងនៅវេលាម៉ោង ១៧និង២៥នាទី ល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៨ នៅលើស្ពាន ជ្រោយចង្វាថ្មី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសជាប្តីបានរៀបរាប់ទាំងទឹកភ្នែកថា ប្រពន្ធរបស់គាត់មានឈ្មោះ ម៉ី ស្រីពៅ អាយុ២៧ឆ្នាំ មុខរបរជាកម្មការិនី រោងចក្រ ស្នាក់នៅម្តុំពោធិ៍ចិនតុង ជាមួយគ្នា។ មុនពេលកើតហេតុ គាត់ជាប្តី និងប្រពន្ធ បានជិះម៉តូឌុបគ្នាចាកចេញពីបន្ទប់ជួល ដើម្បីទៅលេងកូននៅឯស្រុកកំណើត នៅស្រុក ពារាំង ខេត្តព្រៃវែង ប៉ុន្តែពេលដែលមកដល់លើស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វា ស្របពេល ដែលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងផងនោះ គឺម៉ូតូរបស់គាត់បានទាក់ដៃចង្កូតជាមួយនឹងរ៉ឺម៉ក់កង់បី បណ្តាលឲ្យធ្លាក់ប្រពន្ធរបស់ពីលើម៉ូតូ ខណៈនោះក៏មានរថយន្តដឹកអ្នកដំណើរខាងលើមកពីក្រោយ ក៏បុកកិនប្រពន្ធពីក្រោយតែម្តង។
បុរសដដែលបន្តទៀតថា ភ្លាមៗនោះ គាត់បានស្ទុះទៅលើកប្រពន្ធគាត់ឡើង តែជាអកុសល ប្រពន្ធរបស់គាត់ក្រូវបានរថយន្តកិនចំក្បាលស្លាប់បាត់ហើយ ចំណែកអ្នកបើកបររថយន្តបានរត់គេច ខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ រីឯ ម៉ូតូកង់បី ក៏គេចបាត់ដែរ។
ជនរងគ្រោះជិះម៉ូតូម៉ាក វីវ៉ា ពណ៍ខ្មៅ ស្លាកលេខ កណ្តាល១B-៨១២៤។ រីឯរថយន្តមនុស្ស ស្លាប់ នោះ ជារថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ មានស្លាកលេខ រដ្ឋ ៣៧-៣-០០១៧ ។
ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សទុកបណ្តោះអាសន្ន ចំណែកសពស្ត្រីរងគ្រោះត្រូវបានបុរសដែលជាប្តីដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕