ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានប្រកាសដាក់ផលិតផលក្រូចថ្លុងកោះទ្រង់ ក្នុងខេត្តក្រចេះជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI )បន្ទាប់ពីផលិតផលកំពុងមានឈ្មោះល្បីលើគុណភាពឆ្ងាញ់ ហើយការដាក់បញ្ចូលជាផលិតផលសម្គាល់ភូមិសាស្ត្រនេះដែរ វានឹងអាចអោយកសិករនិងអ្នកផលិតទទួលបានផលប្រយោជន៍ច្រើនបន្ថែមទៀត ។
ដើម្បីបង្កើនភាពល្បីល្បាញនៃផលិតផលក្រូចថ្លុងកោះទ្រង់ ក្នុងខេត្តក្រចេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្រេចដាក់បញ្ចូលជាផ្លូវការនូវផលិតផលមួយនេះ ជាផលិតផលសម្គាល់ភូមិសាស្ត្រ ( GI ) និងបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ម្សិលមិញនេះ ក្រោមវត្តមានលោក ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
នៅក្នុងពិធីប្រកាសដាក់ជាផ្លូវការនេះដែរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ដោយមើលឃើញពីសារៈសំខាន់នេះ ទើបក្រសួងពាណិជ្ជកម្ម ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាសេនាធិការ បានខិតខំផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ «ក្រូចថ្លុងកោះទ្រង់» ឲ្យទៅជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដោយប្រើប្រាស់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ផ្តល់តាមរយៈអង្គការកម្មសិទិ្ធបញ្ញាពិភពលោក រហូត ទទួលបានផ្លែផ្កាគួរជាទីមោទនៈ នេះចាត់ទុកជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងពាណិជ្ជកម្មបន្ថែមពីលើសមិទ្ធផលជាច្រើនដែលក្រសួងទទួលបាននាពេលកន្លងមក។ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រូចថ្លុងកោះទ្រង់ នឹងជួយ ការពារអត្តសញ្ញាណផលិតផលប្រពៃណី បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុក ។
លោកបន្តថា ចាប់តាំងពីក្រសួងពាណិជ្ជកម្ម បានជំរុញការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» បានធ្វើឲ្យតម្លៃក្រូចថ្លុង កើនឡើងពី ៥.០០០ រៀល រហូតដល់ ១២. ០០០ ក្នុងមួយផ្លែ ហើយនឹងបន្តកើនឡើងថែមទៀត នាពេលអនាគត ។
លោកស្រី ជាន រីណា ប្រធានគណៈកម្មការប្រតិបត្តិសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ខេត្តក្រចេះបានអោយដឹងថា បច្ចុប្បន្នសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ មានសមាជិកដែលជាផលិតករ និងអាជីវករសរុបចំនួន ១៥៥គ្រួសារ មកពីសង្កាត់កោះទ្រង់ ឃុំវឌ្ឍនៈនិងមានដើមក្រូចថ្លុងសរុបចំនួន ១៣.៧៩០ដើម ហើយក្នុងនោះក្រូចថ្លុង ២.៤៧៤ដើមអាចទទួលផល ។ ការដាក់បញ្ចូលជាផ្លូវការនូវផលិតផលសម្គាល់ភូមិសាស្ត្ររបស់ក្រូចថ្លុងកោះទ្រង់ នឹងធ្វើអោយអ្នកដាំក្រូចថ្លុង កោះទ្រង់ក្រចេះ អាចទទួលបានផលប្រយោជន៍បន្ថែមទៀត ដូចជាទទួលបានកេរ្តិ៍ឈ្មោះកាន់តែល្បីនិងកាន់តែមានអ្នកស្គាល់ពីគុណភាពក្រូចថ្លុងនៅកោះទ្រង់។
លោកស្រី Allexandra Grazioli ( អេឡិចហ្សាន់ដ្រា ហ្ក្រាហ្ស៊ូលី ) តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានអោយដឹងថា ក្នុងពិភពសាកលភាវូបនីយកម្មដែលយើងកំពុងរស់នៅបច្ចុប្បន្ននេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ផលិតករ ដើម្បីបង្កើតនិងបង្ហាញផលិតផលរបស់ខ្លួន ប្រសិនបើពួកគេចង់ទទួលជោគជ័យនិងអាចប្រកួតប្រជែងជាមួយផលិតករនិងប្រតិបត្តិករដទៃទៀតនៅក្នុងទីផ្សារសាកលលោក។ ចក្ខុវិស័យស្តីពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា អោយបានល្អបំផុតដើម្បីជួយដល់ការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្ហាញនៅថ្ងៃនេះ ហើយក៏បានបង្ហាញផងដែរនៅវេទិកាអន្តរជាតិនិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ។
គួរបញ្ជាក់ថា តាមរយៈក្រសួងពាណិជ្ជកម្ម រាជរដ្ឋាភិបាលបាន ខិតខំដាក់បញ្ចូលផលិតផលមួយចំនួនទៀតក្រៅពីក្រូចថ្លុងកោះទ្រង់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ ដូចជា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ជាដើម៕