កំពង់ស្ពឺ ៖ បុរសវ័យចំណាស់២នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីទៅលេងតំបន់ទេសចរណ៍ ជ្រាវ ហើយស្រាប់តែមេឃធ្លាក់ភ្លៀងពីលើភ្នំបណ្តាលអោយមានទឹកហូរខ្លាំងកួចធ្លាក់ពីលើភ្នំយ៉ាងគំហុក (ដូចទឹកបាក់ទំនប់)បណ្តាលអោយបោកជាមួយថ្មរលង់ទឹកស្លាប់ទាំង២នាក់តែម្តង។ ហេតុការណ៍លង់ទឹកស្ទឹងស្លាប់នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅស្ទឹងក្រាំងពន្លៃ ចំណុចដើមជ្រៃធំ ស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបាននិយាយអោយដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ចំនួន០២នាក់នេះទី០១ មានឈ្មោះមុំ សេង ភេទប្រុសអាយុ៦០ឆ្នាំ រស់នៅភូមិសាលាលេខ៥ឃុំសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។នឹងជនរងគ្រោះម្នាក់ទៀតមានឈ្មោះគឺម ផាន់ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិថ្នលឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺនិង ជាម្ចាស់ចម្ការផងដែរ។លោក អធិការស្រុកបានបន្តទៀតថា នៅមុនពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះ ពួកគាត់បាននាំកូនក្មួយមកលេងតំបន់ទឹកធ្លាក់ជ្រាវ រួចហើយបន្តមកលេងនៅចំណុចកើតហេតុខាងលើ ក្នុងចម្ការក្រូចរបស់ឈ្មោះ គឹម ផាន់ ។
ក្រោយពីក្រុមជនរងគ្រោះកំពុងលេងទឹកក្នុងស្ទឹងនោះ ក៏មានភ្លៀងមួយមេធំនៅចំណុចភ្នំជ្រាវ ទើបបង្កឱ្យទឹកស្ទឹងខាងបានជន់ឡើងខ្លាំងភ្លាមៗ។ទឹកជំនន់ហូរពីខាងលើយ៉ាងគំហុកបានបោកទាញជនរងគ្រោះឈ្មោះ មុំ សេង ពេលឃើញដូចនេះ ឈ្មោះ គឺម ផាន់ ក៏បានស្ទុះលោតទៅជួយក៏បានទឹកបោកទាញបាត់ខ្លួនទាំងពីរនាក់តែម្ដង។
កម្លាំងនគរបាលប៉ុស្តិ៍អមលាំង ដោយសហការជាមួយប្រជាការពារ ដែលការពារនៅទីនោះបានអន្តរាគមន៍ចុះរាវរករហូតដល់ម៉ោង ៥និង៣០នាទីល្ងាច ទើបរកឃើញសពនៅចំណុចក្រោមស្ពានភូមិទឹកចេញ ចំងាយ២០០ម៉ែត្រ។សមត្ថកិច្ចមូលដ្ឋានក្រោយពីជួយរកសពឃើញ ក៏បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន ដោយមិនអោយទាំងសមត្ថកិច្ចថតរូបបុរសម្នាក់ដែលនៅខេត្តកំពង់ឆ្នាំង ទុកជាឯកសារទៀតផង ៕