មាន​ជនភៀសខ្លួន​នៅពី​អូស្ត្រាលី​តែ​ម្នាក់​ប៉ុណ្ណោះ​ព្រម​មក​រស់នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 April, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​អូ​ស្រា្ត​លីស្តីពី​ការទទួល យក​ជនភៀសខ្លួនមកដល់ពេលនេះ​មានតែ​ជនភៀសខ្លួន​ជា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្ម័គ្រចិត្ត​មក​រស់នៅ​កម្ពុជា​។

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មកដល់ពេលនេះ​មិនទាន់មាន​ជនភៀសខ្លួន​ណា​ម្នាក់​មកដល់​កម្ពុជា​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ក្រុមការងារ​របស់​កម្ពុជា​ដែល​បានធ្វើ​ដំណើរ​ទៅ​ជួប​ជនភៀសខ្លួន​នៅ​ប្រទេស​អូស្ត្រាលី នោះបាន​ឲ្យ​ដឹងថា​មានតែ​ជនភៀសខ្លួន​តែ​ម្នាក់​ទេ ដែល​បានមក​ចុះឈ្មោះ​មក​រស់នៅ​កម្ពុជា ។ លោក​បន្តថា ជនភៀសខ្លួន​នោះ គឺជា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែលជា​ជនជាតិដើម​ភាគតិច​គេចខ្លួន​ពី​ប្រទេស​ភូមា ។ លោក​បញ្ជាក់ថា «​ប៉ុន្មាន​ថ្ងៃនេះ ឃើញតែ​ម្នា​ក់មក​ចុះឈ្មោះ​ក្នុងចំណោម​រាប់ពាន់នាក់ មាន​ម្នាក់​សុខចិត្ត​មក រៀបចំ​សំណុំបែបបទ​ជា​លាយ​លក្ខ​អក្សរ​ទៀត បាន​យើង​ទទួល មិនមែន​មក​តែ​មាត់​ទេ ស្នើសុំ​ជា​លាយ​លក្ខ​អក្សរ​ទៀត ហើយ​មកសុំ​ហ្នឹង ស្នើ​តាម​ក្រុមការងារ រដ្ឋាភិបាល ឬ​ក្រសួងមហាផ្ទៃ​ដើម្បី​ពិនិត្យ​» ។​

​ទោះជា​យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ មិនបាន​បញ្ជាក់​ពីថ្ងៃ​នៃ​ការបញ្ជូន​ជនភៀសខ្លួន​ជា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា រូប​នោះមក​កម្ពុជា​នៅឡើយ ។​

​ស្ថាបនិក​បណ្ដាញ​សង្គម លោក​បណ្ឌិត សាម អ៊ី​ន មានប្រសាសន៍ថា ការដែល​ជនភៀសខ្លួន​មិន​ព្រម​ចេញពី​អូស្ត្រាលី​មក​រស់នៅ​កម្ពុជា​នោះ ដោយសារតែ​កម្ពុជា​នៅមាន​ភាពក្រីក្រ មានការ​រំលោភ​សិទ្ធិមនុស្ស ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​បារម្ភ និង​ភ័យខ្លាច​នៅពេលដែល​មក​រស់នៅ​កម្ពុជា ។ លោក​ថា «​មក​រស់នៅ​ប្រទេស មួយ ខ្ញុំ​គិតថា កេរ្តិ៍ឈ្មោះ​នៃ​ការរំលោភ​សិទ្ធិមនុស្ស កេរ្តិ៍ឈ្មោះ​នៃ​ភាពក្រីក្រ​គឺ​ពុំ​ស្ថិត​មាន​ខ្លាំង​ក៏ដោយ​នៅ ក្នុង​សហគមន៍​អន្តរជាតិ ។ អ៊ីចឹង​ហើយ​ការមិនទទួលស្គាល់ ឆ្លុះបញ្ចាំង​បញ្ជាក់ថា កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ក៏ដូចជា​សមត្ថ​ភាពជា​ក់​ស្តែង​ក្នុង​ការទទួល​ជនភៀសខ្លួន​ហ្នឹង គឺ​មិនទាន់​ល្អ​នៅឡើយ​ទេ​» ។​

​មន្ត្រី​នាយក​រដ្ឋា​ន​អន្តោប្រវេសន៍​កម្ពុជា បាន​ទៅ​ប្រទេស​អូ​ស្រា្ត​លី​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥​នេះ ដើម្បី​ពិនិត្យមើល​ស្ថានភាព​នៃ​ជនភៀសខ្លួន​ទាំងនោះ ថា​តើ​អ្នក​ទាំងនោះ​ព្រម​មក​កម្ពុជា ឬ​យ៉ាងណា ។​

បន្ទាប់ពី​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ទទួលយក​ជនភៀសខ្លួន​ពី​អូស្ត្រាលី​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ ២០១៤ ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេហទំព័រ ABC News ចុះផ្សាយ​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ជួល​យន្តហោះ​ពិសេស ដឹក​ជនភៀសខ្លួន​រក​សិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលី​ប្រមាណ​១០​នាក់មក កម្ពុជា ៕១២ឆ​រូបភាព​នៃ​ការតវ៉ា​ប្រឆាំងនឹង​គោលនយោបាយ​ការឃុំ​ឃាំង​អន្តោប្រវេសន៍​រដ្ឋាភិបាល​សហព័ន្ធ​និង​កិច្ចព្រមព្រៀង​តាំងទី​លំនៅ​ថ្មី​ជា​ជនភៀសខ្លួន​ជាមួយ​ប្រទេស​កម្ពុជា​នៅក្នុង​ទីក្រុង​ស៊ីដនី​កាលពី​ខែតុលា​ឆ្នាំ 2014(​រូបភាព​ពី​៖​វិ​ប​សាយ The Quardian)