ភ្នំពេញ ៖ អតីតៈអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដំឡើងថានៈពីឧត្តមមន្ត្រីថ្នាក់លេខ៤ មកជាឧត្តមមន្ត្រីថ្នាក់លេខ៣ បើទោះបីជាលោកកំពុងស្ថិតក្នុងការស៊ើបអង្កេតក្នុងរឿងក្ដីពាក់ព័ន្ធករណីឃាតកម្មទៅលើស្រីកំណាន់របស់ខ្លួន និងកំពុងត្រូវឃុំខ្លួនជាបណ្ដោះអាសន្នយ៉ាងណាក្តី។
ព្រះរាជក្រឹត្យដែលចុះថ្ងៃទី១៣ ខែមិថុនា ឆ្នា២០១៨ នេះ បានធ្វើឡើងយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានត្រាស់បង្គាប់ដំឡើងថ្នាក់តាមវេនប្រចាំឆ្នាំដល់មន្ត្រីរាជការ ១៧៩រូប ក្នុងថានន្តរស័ក្តិ «ឧត្តមមន្ត្រី» នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ នៅក្នុងចំណោមមន្ត្រីដែលតែងតាំងទាំង១៧៩នាក់នោះ គេឃើញមានឈ្មោះ លោក ឡាយ វណ្ណៈ ដែលស្ថិតនៅលេខរៀងទី៤៧ ត្រូវបានដំឡើងតំណែងពីឧត្តមមន្ត្រីថ្នាក់លេខ៤ មកជាថ្នាក់លេខ៣ ផងដែរ។
បន្ទាប់ពីព្រះរាជក្រឹត្យនេះត្រូវបានចែកផ្សាយ មានមហាជនជាច្រើនបានងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះគេឃើញឈ្មោះលោក ឡាយ វណ្ណៈ ម្នាក់នៅក្នុងការដំឡើងឋានៈនោះ ខណៈដែលលោកកំពុងាជាប់ឃុំឃាំងនៅពន្ធនាគារPJជាបណ្ដោះអាសន្ននៅឡើយ ពាក់ព័ន្ធនឹងអំពើមនុស្សឃាតទៅលើស្ត្រីកំណាន់របស់ខ្លួនឈ្មោះ ចេវ សុវឌ្ឍនា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
គួររំលឹកថា លោក ឡាយ វណ្ណៈ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តំណែងជាអភិបាលខេត្តតាកែវ កាលពីថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨ ហើយត្រូវបានឃាត់ខ្លួននៅក្រុងដូនកែវ កាលពីថ្ងៃអាទិត្យទី១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យ ជា ស៊ីម បន្ទាប់ពីបានចេញពីពិធីផ្ទេរតំណែងរបស់លោកពីប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តតាកែវទៅឲ្យលោក អ៊ូច ភា ដែលជាអភិបាលខេត្តថ្មី។ លោក ឡាយ វណ្ណៈ និងបងប្រុសឈ្មោះ ឡាយ ណារិទ្ធ ត្រូវបានព្រះរាជអាជ្ញារងក្រុងភ្នំពេញចោទប្រកាន់ពីបទមនុស្សឃាត ហើយបើសិនជាចៅក្រមស៊ើបសួររកឃើញថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន លោក និងបងប្រុសអាចជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ។
គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា នេះមានជនសង្ស័យ ៥នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនមានលោក ឡាយ ណារិទ្ធ អតីតស្នងការងខេត្តតាកែវ និងជាបងប្រុសលោក ឡាយ វណ្ណៈ ,ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបម្រើនៅផ្ទះនាង ចេវ សុវឌ្ឍនា ដែលជានារីរងគ្រោះ ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ។ ការចាប់ខ្លួននេះត្រូវបានចោទប្រកាន់ពីបទលាក់បាំងបទល្មើស មិនរាយកាណ៍ឲ្យសមត្ថកិច្ច។ ខណៈនោះ ក្រោយការសួរ មាននាំមនុស្ស២នាក់ត្រូវបានដោះលែងអោយទៅផ្ទះវិញ។
នៅមុនពេលចាប់ខ្លួនលោក ឡាយ វណ្ណៈ បានទទួលស្គាល់តាមហ្វេសប៊ុករបស់លោកថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីមេម៉ាយកូន ៣ ឈ្មោះ ចេវ សុវឌ្ឍនា ពិតមែន ហើយលោកក៏បានបង្ហោះរូបថតស្និទ្ធស្នាលជាច្រើនសន្លឹកជាមួយស្ត្រីមេម៉ាយរូបនេះផងដែរ។ ទោះយ៉ាងណា លោកបានបដិសេធថា លោក និងបងប្រុសរបស់លោក មិនបានប្រព្រឹត្តអំពើមនុស្សឃាតនោះទេ។ប៉ុន្តែលោកថា ការស្លាប់របស់នាង ចេវ សុវឌ្ឍនា គឺមកពីការធ្វើអត្តឃាតដែលលោកអះអាងថា នាងបានប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើករួចមកហើយ។
គេនៅចាំបានថា នៅមុនពេលត្រូវចាប់ខ្លួន លោក ឡាយ វណ្ណៈ សរសេរក្នុងហ្វេសប៊ុកថា «ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហាស្រឡាញ់គ្នា ពិតប្រាកដមែនក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ! ក្រោយមកខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំ រហូតដល់គាត់គិតខ្លីធ្វើអត្តឃាតខ្លួនឯង! នេះជារឿងពិត! អ្វីដែលខ្ញុំធ្វើខុសឆ្គង ខ្ញុំហ៊ានទទួល»៕