ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ផ្តើមធ្វើកិច្ចចរចា ដើម្បីពិភាក្សាពីមធ្យោបាយតភ្ជាប់ និងធ្វើទំនើបកម្មផ្លូវដែកអន្តរកូរ៉េ។
គណៈប្រតិភូមកពីភាគីទាំងពីរ បានចាប់ផ្តើមការចរចា ដូចដែលបានគ្រោងទុក នៅវិមានសន្តិភាព នៅភូមិព្រំប្រទល់ Panmunjom ។ កិច្ចពិភាក្សានេះ មានគោលបំណងដើម្បីពិភាក្សា អំពីការតភ្ជាប់ផ្លូវដែក តាមបណ្តោយច្រករបៀងភាគខាងកើត និងខាងលិច នៅទូទាំងប្រទេសកូរ៉េទាំងពីរ និងការធ្វើទំនើបកម្មផ្លូវដែករបស់កូរ៉េខាងជើង។
ប្រធានគណៈប្រតិភូកូរ៉េខាងត្បូង និយាយថា លោកនឹងពិភាក្សាជាមួយភាគីកូរ៉េខាងជើង អំពីបញ្ហាចាំបាច់សម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងអន្តរកូរ៉េ និងការធ្វើទំនើបកម្ម។ លោកបាននិយាយថា ទោះបីជាមានទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើង លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលក៏ដោយ ក៏ភាគី ទាំងពីរ អាចពិភាក្សាអំពីការត្រៀមរៀបចំ សម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងដែលអាចធ្វើទៅបាន ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ជឿជាក់ថា ទីក្រុងព្យុងយ៉ាងមានភាពម៉ឺងម៉ាត់ និងធានាឱ្យកិច្ចពិភាក្សានេះ មានសកម្មភាព។ គួរបញ្ជាក់ថា ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់លោកជាមួយលោកគីមជុងអ៊ុន លោក Moon Jae-in បាននិយាយថា លោកបានផ្តល់ផែនការមេ សម្រាប់ការដំឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ចំនួន 35 ពាន់លានដុល្លារដែល នឹងភ្ជាប់ទីក្រុងសេអ៊ូល ទៅទីក្រុងព្យុងយ៉ាង មុនពេលទៅកាន់បណ្តាញផ្លូវដែករបស់កូរ៉េខាងជើង កាន់តែទូលំទូលាយរួមទាំងការភ្ជាប់ទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសចិន។