កំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំ ពាវនាវដល់អ្នករកស៊ី ក្នុង និងក្រៅប្រទេស មកវិនិយោគលើវិស័យនានានៅខេត្តកំពង់ឆ្នាំង ត្បិតខេត្តមួយនេះនៅមានសក្តានុពលច្រើនវិស័យនៅឡើយ។ រាជរដ្ឋាភិបាល នឹងខិតខំរក្សាវត្តមានរោងចក្រនៅកម្ពុជាឲ្យគង់វង្ស ជាមួយនឹងការទាក់ទាញវិនិយោគ បង្កើតរោងចក្រឲ្យបានកាន់ច្រើន ដើម្បីបង្កើតការងារធ្វើជូនកម្មករ កម្មារិនី ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ២ម៉ឺន១ពាន់នាក់មកពីរោងចក្រចំនួន១៤ នៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានបញ្ជាក់ថា ការវិនិយោគនៅខេត្តកំពង់ឆ្នាំង នៅមិនទាន់អស់សក្តានុពលនៅឡើយទេ កំពង់ឆ្នាំងនៅមានលទ្ធភាពទាក់ទាញនូវបណ្តារោងចក្រដើម្បីមកវិនិយោគ។ ការវិនិយោគនោះមិនមែនត្រឹមតែវិស័យកាត់ដេរ និងដេរស្បែកជើងតែមួយមុខទេ ប៉ុន្តែអាចមានវិនិយោគថ្មីៗបន្ថែមទៀតអាចស្វែងរកឱកាសវិនិយោគ និងទទួលបានប្រាក់ចំណេញ។ សម្តេចបានអះអាងថា ប្រាក់ចំណេញរបស់អ្នកវិនិយោគ ក៍ជាប្រាក់ចំណេញរបស់ប្រជាជន ក្នុងការទទួលបានការងារបន្ថែមទៀត។ សម្តេចតេជោ បានបង្ហាញនូវមោទនភាពចំពោះវត្តមាន របស់រោងចក្រជាច្រើននៅខេត្តកំពង់ឆ្នាំង ដែលបានផ្តល់ការងារធ្វើជូនកម្មករ កម្មការិនីរហូតដល់ជាង៤ម៉ឺន៣ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង៩៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សម្តេចបន្តថា យើងកំពុងរក្សាចាស់ និងបង្កើនថ្មីតាមរយៈខិតខំធានាធ្វើយ៉ាងណាឲ្យរោងចក្រនៅកម្ពុជាដែលកំពុងមានសព្វថ្ងៃនេះ បន្តរក្សាវត្តមាននៅក្នុងប្រទេសរបស់យើង និងទាក់ទាញការវិនិយោគមកពីក្រៅ ប្រទេសបន្ថែមទៀត ដើម្បីបង្កើតការងារថ្មីឲ្យប្រជាពលរដ្ឋរបស់យើង។ ក្មួយៗមានការងារធ្វើដឹងថា ប្អូនមិនទាន់មានការងារធ្វើ ដូច្នោះហើយបានជាយើងត្រូវបន្តរួមគ្នាដើម្បីដោះស្រាយការងារធ្វើជាបន្តទៀត។
សម្តេចតេជោបានអះអាង ដែរថា អ្វីដែលធ្វើឲ្យវិនិយោគិនមករកស៊ីនៅកម្ពុជា ក៍ព្រោះកត្តាសន្តិភាព និងស្ថេរភាពនយោបាយទូទាំងប្រទេស ពិសេសការផ្តល់លទ្ធភាពឲ្យវិនិយោគិនបោះទុនវិនិយោគ១០០ភាគរយ ដោយមិនបាច់ចាប់ដៃគូជាមួយក្រុមហ៊ុន ក្នុងស្រុកនោះទេ។អ្វីដែលរដ្ឋាភិបាលបន្តធ្វើនោះគឺការខិតខំបញ្ចុះតម្លៃអគ្គិសនីការសាងសង់ហេដ្ឋារចនាសម្ពូ័ន្ធប្រទាក់ក្រឡាគ្នា សាងសង់កំពង់ផែថ្មីជាមួយនឹងការបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគនៅកម្ពុជា។
សម្តេចតេជោបានបង្ហាញនូវមោទនភាពចំពោះគោលនយោបាយពង្រាយរោងចក្រនៅតាមបណ្តាខេត្តដែលបានផ្តល់ការងារធ្វើយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយកាត់បន្ថយការចំណាយនានានិងមិនចាំបាច់ប្រមូលផ្តុំគ្នាតែនៅទីក្រុង ។
សម្តេច ក៍មោទនភាពចំពោះប្រាក់បៀវត្សរបស់កម្មករ កម្មការិនីដែលបន្តកើនឡើងរហូតដល់១៧០ដុល្លារអាមេរិកក្នុងមួយខែ បូករួមជាមួយប្រាក់ អត្ថប្រយោជន៍នានា បានធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរថែមទៀត។ សម្តេចអះអាងថា រាជរដ្ឋាភិបាលមិនទាន់ស្កប់ស្កល់នូវប្រាក់ខែ១៧០ដុល្លារសម្រាប់កម្មករនោះទេ ឆ្នាំ២០១៩ និងឆ្នាំបន្តទៀត នឹងនៅតែបន្តកើនឡើងបន្ថែមទៀតផងដែរ៕