ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បាននិងកំពុងសាងសង់ចំណតរថយន្តក្រោមដីនៅសួនច្បារមិត្តភាពកម្ពុជា-ថៃ ដែលស្ថិតនៅខាងលិចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមប៉ានីយ៉ារ៉ាក់ពល់ធុបឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសថៃឡង់ដ៏ប្រចាំនៅកម្ពុជាកាលពីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
ក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ មានសួនច្បារជាច្រើន ក្នុងនោះមានសួនច្បាមួយ ដែលជាសួនច្បារនិមិត្តរូប នៃចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ កម្ពុជា- ថៃ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានរួមគ្នាដាំដើមឈើជានិមិត្តរូប នៅលើសួននេះ។ ប៉ុន្តែជាគម្រោងសម្រាប់រាជធានីភ្នំពេញ ក្រោមការឯកភាពពីរាជរដ្ឋាភិបាលទីតាំងសួនច្បារនេះ ត្រូវសាងសង់ចំណត់រថយន្ត នៅផ្នែកខាងកើត ដែលទាមទារឱ្យមានការរុះរើសួនច្បារចាស់ចេញ។
លោក អភិបាលបញ្ជាក់ថា ក្រោយការស្ថាបនាចំណតរថយន្តក្រោមដីហើយ នឹងស្ថាបនាសួនឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម ហើយមានក្រុមអ្នកបច្ចេកទេសមកពីប្រទេសថៃ មកមើលផងដែរ។ ការរុះរើសួនច្បារសាងសង់ចំណតរថយន្តក្រោមដីនេះ វាមិនប៉ះពាល់ ដល់ដើមឈើប្រភេទធំៗ ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានដាំនោះទេ ដោយហេតុថា ដើមឈើទាំងនោះ ស្ថិតនៅលើសួនច្បារប៉ែកខាងលិចប៉ុណ្ណោះ។
ក្រៅពីការលើកឡើងខាងលើ លោក ឃួង ស្រេង នូវបានលើកឡើងពីការរីកចំរើន របស់រាជធានីភ្នំពេញ ចេញពីបាតដៃទទេ ក្រោយរបបប្រល័យពូជសាសន៍ ដែលពេលនេះមានសំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ ស្ពានអាកាស សាលា វត្តអារាមជាច្រើន ខណៈដែលកំណើនប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់ ធ្វើឱ្យសេដ្ឋកិច្ចមានការវិវត្តន៍រីកចំរើន ពិសេសលើវិស័យអចលនទ្រព្យ។ ទន្ទឹមនឹងការរីកចំរើននេះហើយ បានជារាជធានីភ្នំពេញ ជួបនូវបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាកកស្ទះចរាចរ បញ្ហាសំរាម និងគ្រឿងញៀន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់គិតគូរ និងដោះស្រាយជាបន្តបន្ទាប់។
លោក ប៉ានីយ៉ារ៉ាក់ពល់ធុប បានលើកឡើងផងដែរថា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់រាជធានីភ្នំពេញ ដែលមានកង្វះចំណតរថយន្ត នៅចំពោះមុខនោះ ភាគីថៃ មិនមានអ្វីទំទាស់នោះឡើយ គ្រាន់តែស្នើឱ្យអ្នកជំនាញការរួមគ្នាសិក្សាឱ្យបានល្អិនល្អ ដើម្បីរក្សាឱ្យបាននូវទ្រង់ទ្រាយដើម របស់សួនមិត្តភាព កម្ពុជា-ថៃនេះ។
ជាមួយគ្នានោះ ឯកអគ្គរាជទូត ក៏បានស្នើឱ្យប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ នៅទីក្រុងបាងកក នៅពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ និងទីក្រុងបាងកក បានចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នា តាំងពីឆ្នាំ២០១៣មកម្ល៉េះ ហើយភាគីទាំងពីចង់ឱ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែល្អប្រសើរថែមទៀត៕