ភ្នំពេញ៖ លោកលី សុខ ឡេង ចៅក្រមស៊ើបអង្កេតនៅក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ បានបង្គាប់ឲ្យអនុរក្សពន្ឋនាគារនាំខ្លួនជនជាប់ចោទ ថោង សារ៉ាត់ ពីពន្ឋនាគារព្រៃសមកកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីសួរបន្ថែមនូវចំណុចចន្លោះប្រហោងមួយចំនួនដែលតុលាការមិនទាន់ បានសាកសួរ ពាក់ព័ន្ឋនឹងការកាន់អាវុធខុសច្បាប់ ។
ខណៈពេលជនជាប់ចោទត្រូវបាននាំមកដល់ គេឃើញមេធាវីរបស់ជនជាប់ចោទ ថោង សារ៉ាត់ចំនួន៤នាក់បានមកចូលរួមស្តាប់ការយកចម្លើយរបស់ចៅក្រមស៊ើប អង្កេតផងដែរ។
នៅម៉ោង៥និង២៥ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ លោកចៅក្រមបានបញ្ចប់ការសាកសួរ ថោង សារ៉ាត់ ពាក់ព័ន្ឋនឹងសំណុំរឿងកាន់កាប់អាវុធខុសច្បាប់ នឺងបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃស បញ្ជូនពិរុទ្ធជន ថោង សារ៉ាត់ទៅឃុំខ្លួន បណ្តោះអាសន្នវិញ។
សូមជម្រាបថា ទាំងពេលចូល និងចេញពីតុលាការ ជនជាប់ចោទ ថោង សារ៉ាត់ ត្រូវបានអ្នកកាសែត ចោមរោមសួរសំណួរមួយចំនួន ប៉ុន្តែពិរុទ្ធជនរូបនេះ មិនឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មានទេ។
ជាមួយគ្នានេះដែរ មេធាវីការពារឲ្យ ជនជាប់ចោទ ថោង សារ៉ាត់ ចំនួន៤នាក់នៅក្នុងចំណោម៥នាក់ក៏បានបដិសេធមិនឆ្លើយតបឬផ្តល់ ព័ត៌មានឲ្យអ្នកកាសែតជុំវិញការសួរចម្លើយបន្ថែមរបស់ចៅក្រមស៊ើបសួរ ទៅលើកូនក្តីរបស់ពួកគេដែរ ។
មេធាវីទាំង៤នាក់ ដែលមកការពារផ្លូវច្បាប់ឲ្យពិរុទ្ធជន ថោង សារ៉ាត់ រួមមានៈលោកមេធាវីឈុន វីនីតា លោកមេធាវីគា អ៊ាវ លោកមេធាវីលឹម វណ្ណា និងលោកមេធាវី ស៊ី សត្យា ចំណែកលោកមេធាវីអ៊ុំ ប៊ុនធឿន អវត្តមាន។
សូមបញ្ជាក់ថា ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅចំណុចព្រំដែនវៀតណាម-កម្ពុជា ហើយត្រូវបានបញ្ជូនមកកាន់តុលាការនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥។
ក្រោយការសួរយកចម្លើយបឋមអស់ រយៈពេល៣ម៉ោងដោយចៅក្រមស៊ើបអង្កេត
តុលាការរាជធានី ភ្នំពេញ ថោង សារ៉ាត់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ឃុំខ្លួនបណ្តោះអាសន្នក្រោមការចោទ ប្រកាន់ពីបទឃាតកម្មគិតទុកជាមុនតាមមាត្រា២០០និងមាត្រា២៧ នៃក្រមព្រហ្មទណ្ឌ។
ក្នុងករណីដែលតុលាការរកឃើញថា ជនជាប់ចោទបានប្រព្រឹត្តនូវអំពើឃាតកម្មគិតទុកជាមុនឬជាមេគំនិត នៅក្នុងអំពើមនុស្សឃាតនេះ នោះជនត្រូវចោទអាចប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិត៕