ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រារពពិធីក្រុងពាលី ដើម្បី សុំសេចក្តីសុខ ពីម្ចាស់ទឹក ម្ចាស់ដី សម្រាប់ដំណើរការសាងសង់ ដែលនឹងចាប់ផ្តើមបើកការដ្ឋាន សាងសង់នៅថ្ងៃទី២៩ ខែ មិថុនានេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅនេះ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវស្ថាបនាដោយក្រុមហ៊ុនម៉ៅការ គឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក្រោមគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ក្នុងរយៈពេល៣០ខែ។
បើតាមអ្នកបច្ចេកទេស នៃមន្ទីរសាធារការបង្ហាញនូវលក្ខណៈបច្ចេកទេស នៃគម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅនេះ គឺមាន ស្ពានទី១៖ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ នឹងពីរគន្លងមក ជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់ អតិបរមា ដែលអាចចរាចរក្រោមស្ពាន មាន៥,៥ម៉ែត្រ។
ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅ ផ្លូវ វេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ៖ ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដី ប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
លើផ្ទៃដី ៖ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវក្រោមដី ៖ ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។
សូមបញ្ជាក់ថា ស្ពាននេះនឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕