ថៃ ៖ ការស្វែងរកក្រុមកីឡាករបាល់ទាត់ក្មេងៗ១២នាក់ និងគ្រូម្នាក់ ដែលបាត់ខ្លួនក្នុងរូងភ្នំ ថាមលួង ក្នុងខេត្តឈៀរ៉ៃ ត្រូវបានផ្អាកបណ្តោះអាសន្ននៅយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នេះ ដោយសារភ្លៀងបន្តធ្លាក់ខ្លាំង ធ្វើឲ្យមានការពិបាកដល់ក្រុមសង្គ្រោះមិនអាចរុលទៅមុខតាមរូងភ្នំដែលមានប្រវែងប្រមាណ១០ គីឡូម៉ែត្រនោះទៀតបាន។
កាសែត Bangkok Post បានរាយការណ៍ថា ខណៈនេះ ( ម៉ោង១០ យប់ ថ្ងៃទី២៨ មិថុនា) ឧបករណ៍រុករកខួង និងបូមទឹក ត្រូវបានយកចេញពីរូងភ្នំសិន ដោយត្រូវរង់ចាំកម្រិតទឹកជំនន់ស្រកចុះ ទើបប្រតិបត្តិការសង្គ្រោះអាចបន្តទៅទៀតបាន។
សូមម្រាបថា គិតតមកដល់ថ្ងៃនេះ សមាជិកកីឡាបាល់ទាត់ដែលមានក្មេងៗ១២នាក់ (អាយុពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ) និងគ្រូបង្វឹកម្នាក់អាយុ ២៥ឆ្នាំ បានបាត់ខ្លួននៅក្នុងរូងភ្នំខាងលើអស់រយៈពេល៥ថ្ងៃមកហើយ ខណៈដែលក្រុមអ្នជំនាញភូមិសាស្ត្រជឿជាក់ថា ពួកគេបានរុលចូលយ៉ាងជ្រៅទៅក្នុងរូងភ្នំដែលមានជម្រៅប្រមាណ១០គីឡូម៉ែត្រ ហើយទំនងជាដោយសារតែផ្លូវដែលពួកគេត្រូវចេញមកវិញនោះ ត្រូវបានទឹកលិចក្រោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យពួកគេបន្តរុលទៅមុខទៀត។ បើតាមប្រវត្តិនៃរូបថតមួយចំនួនរបស់ក្រុមក្មេងៗកីឡាករទាំងនេះ គឺពួកគេធ្លាប់ទៅកាន់ទីនោះកាលពីចុងឆ្នាំ២០១៦។
កាសែត បាងកកប៉ុស្តិ៍ បន្តថា នៅល្ងាចថ្ងៃទី២៨ ម្សិលមិញនេះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក៏បានចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីពិនិត្យសកម្មភាពនៃការជួយសង្គ្រោះ និងលើកទឹកចិត្តសមាជិកក្រុមគ្រួសារនៃមនុស្សទាំង ១៣នាក់ ដែលកំពុងរង់ចាំចម្លើយពីក្រុមសង្គ្រោះ។
យ៉ាងណាក៏ដោយ រហូតមកទល់នឹងយប់ថ្ងៃទី២៨ ខែមិថុនា នេះ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តដដែល ហើយមិនទាន់មានតម្រុយអ្វីគួរឲ្យកត់សម្គាល់នៅឡើយទេ តែក្រុមសង្គ្រោះដែលមានទាំងអ្នកជំនាញមកពីអង់គ្លេស និងអាមេរិកផងដែរ បានសម្រេចផ្អាកការរុករកសិនដោយសារតែភ្លៀងក្នុងតំបនភ្នំ ថាមលួង ខេត្តឈៀងរ៉ៃ បានបន្តធ្លាក់ខ្លាំងជាថ្មីទៀត៕